អន្តរជាតិ

អូស្រ្តាលីដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិនតាមកន្លែងរដ្ឋាភិបាល ​ភ័យ​ខ្លាច​ផ្នែក​សន្តិសុខ

រដ្ឋាភិបាលអូស្រ្តាលីដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិនទាំងអស់ចេញពីកន្លែងរដ្ឋាភិបាលសាធារណៈ ខណៈមានការភ័យខ្លាចផ្នែកសន្តិសុខជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីអូស្រ្តាលី Richard Marles នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​បាននិយាយថា រដ្ឋាភិបាលនឹងស្វែងរក និងដកកាមេរ៉ាចេញពីទីតាំងផ្សេងៗរបស់រដ្ឋ ដើម្បីធ្វើឱ្យមានសុវត្ថិភាពទាំងស្រុង។ សមាជិកព្រឹទ្ធសភា Paterson ក៏បាន គាំទ្រនឹងគំនិតនេះ​ ដោយនិយាយថា អូស្ត្រាលីមិនគួរគាំទ្រកាមេរ៉ាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Hikvision និង Dahua សម្រាប់ហេតុផលសន្តិសុខ និងសីលធម៌នោះទេ។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ទាំង​ពីរ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​តាម​ដាន​យ៉ាង​ច្រើន​លើ​ជនជាតិ​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង។ សវនកម្មនៃទីតាំងរដ្ឋាភិបាលអូស្ត្រាលីបានរកឃើញកាមេរ៉ា និងឧបករណ៍សុវត្ថិភាពរបស់ចិននេះមានទីតាំងនៅលើអគារជាង ២០០ខ្នង នៅស្ទើរតែគ្រប់នាយកដ្ឋាន រួមទាំងនាយកដ្ឋានកិច្ចការបរទេស និងនាយកដ្ឋានអគ្គមេធាវីអូស្ត្រាលីផងដែរ។

ជុំវិញការចោទប្រកាន់នេះ ក្រុមហ៊ុនចិន Hikvision បានឆ្លើយតបវិញថា ជារឿង “មិនពិត”។ អ្នក​នាំពាក្យ​ម្នាក់​របស់ក្រុមហ៊ុនបាន​និយាយ​ថា​៖ “គ្មាន​ស្ថាប័ន​បច្ចេកទេស​ត្រូវបាន​វាយ​តម្លៃ​​ឈាន​ដល់​ការ​សន្និដ្ឋាន​បែបនេះ​ទេ​”។ ក្រុមហ៊ុននិយាយថា ខ្លួនមិនអាចចូលប្រើទិន្នន័យវីដេអូរបស់អ្នកប្រើប្រាស់ចុងក្រោយ​បានទេ ដូច្នេះហើយមិនអាចបញ្ជូនវាទៅភាគីទីបីបានឡើយ។

គួរជម្រាបថា មិនមែនមានតែអូស្រ្តាលីទេដែលបានប្រកាសបិទដំឡើងក្រុមហ៊ុនកាមេរ៉ាចិន ក៏ប៉ុន្តែកាលពីខែវិច្ឆិកាកន្លងទៅ អូស្រ្តាលី សហរដ្ឋអាមេរិកក្តី ក៏បានធ្វើដូច្នេះដែរ៕

ប្រភព៖BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា