អន្តរជាតិ

អង់គ្លេសនិងអ៊ុយក្រែនចុះហត្ថលេខាសេចក្តីប្រកាសចិត្តមួយថ្លើមមួយរដ្ឋនិងរដ្ឋ

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បានចុះហត្ថលេខាលើសេចក្តីប្រកាសរួបរួមជាមួយ​ប្រធានាធិបតី​អ៊ុយក្រែនហ្សេឡិនស្គី ស្តីពីការរួបរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការចិត្តមួយថ្លើមមួយ​រដ្ឋនិងរដ្ឋ។

ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ឱឡារិក​រវាងម្ចាស់ផ្ទះចក្រភពអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេដឹកនំាទាំងពីរបាន​ចុះហត្ថលេខាលើ​សេចក្តីប្រកាសស្តីពីការរួបរួមរបស់ចក្រភពអង់គ្លេស-អ៊ុយក្រែន គោលបំណងពង្រឹង​កិច្ចសហប្រតិបត្តិការរវាងទីក្រុង Kyiv និងទីក្រុងឡុងដ៍។ សេចក្តីប្រកាសបញ្ជាក់ថា ជំនួយផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែនបានកើនឡើងដល់ជិត៤ ពាន់លានផោន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។ ចក្រភព​អង់គ្លេស​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ជំនួយ​យោធា​ដ៏ធំ​បំផុត​ដល់​អ៊ុយក្រែន​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រ​ចំនួន ២,៣ ពាន់​លាន​ផោន​កាលពីឆ្នាំ ២០២២។

ចក្រភពអង់គ្លេសបានសង្កត់ធ្ងន់ថា ខ្លួនកំពុងធ្វើការជាមួយអ៊ុយក្រែន ដើម្បីជួយអភិវឌ្ឍន៍ហ្វឹកហាត់​កងកម្លាំង និងសមត្ថភាពរយៈពេលវែង ហើយនឹងធ្វើការជាមួយសម្ព័ន្ធមិត្តណាតូ ធ្វើឱ្យស៊ីជម្រៅនូវ​អន្តរប្រតិបត្តិការរបស់អ៊ុយក្រែនជាមួយអង្គការណាតូ ពន្លឿនការផ្លាស់ប្តូររបស់អ៊ុយក្រែនទៅកាន់​ស្តង់ដារណាតូ ហ្វឹកហាត់អាវុធរយៈចម្ងាយឆ្ងាយ។ សេចក្តីប្រកាសទីក្រុងឡុងដ៍បានបញ្ចប់ថា “យើងមានទំនុកចិត្តរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង យើងនឹងកម្ចាត់ការឈ្លានពានខុសច្បាប់ និងគ្មានការញុះញង់របស់រុស្ស៊ី និងកសាងអ៊ុយក្រែនឱ្យកាន់តែរឹងមាំ ដែលសន្តិភាព និងវិបុលភាព​នឹងឈ្នះ”៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា