សន្ដិសុខសង្គម

ស្រវឹងបើកធ្លាក់ជ្រោះម៉ូតូឆេះសង្កត់ឪពុកស្លាប់ កូនរួចផុតគ្រោះថ្នាក់

សៀមរាប៖បុរសម្នាក់ផឹកស្រាស្រវឹង ជិះម៉ូតូឌុបកូនស្រីតូច ជ្រុលធ្លាក់ជ្រោះភ្នំគូលែនបណ្តាលឱ្យម៉ូតូឆេះ​សង្កត់ឪពុកស្លាប់ រីឯកូនស្រីរួចផុតពីគ្រោះថ្នាក់។ហេតុការណ៍នោះបានកើតឡើងនៅម្តុំក្បាលជ្រោះ​លើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី៨ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងនៅថ្ងៃទី៩ ខែកុម្ភៈនេះថា បុរសដែលស្លាប់ឈ្មោះ គង់ ឆាយ អាយុ៤៩ឆ្នាំ នៅភូមិ ឃុំខាងលើ ត្រូវម៉ូតូឆេះសង្កត់ពីលើបណ្តាលឱ្យស្លាប់។ចំណែកកូនស្រីឈ្មោះ ឆាយ ស្រីពីរ អាយុ៣ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញបានចុះពិនិត្យសាកសព ហើយបានបញ្ជាក់ថា នៅលើដងខ្លួន​និងផ្នែកក្បាលបុរសរងគ្រោះមានសភាពឆេះខ្លោច តែមិនមានស្លាកស្នាមពាក់ព័ន្ធនឹង​បទល្មើស​ផ្សេងទេ៕ដោយ៖វិចិត្រ