សេដ្ឋកិច្ច

សហព័ន្ធ​ស្រូវ​អង្ករ នឹង​បើក​ច្រក​ទីផ្សារ​ថ្មីៗ​ទៅកាន់​ពិភពលោក​

​ភ្នំពេញ​៖​លោក ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែងថា​៖​សហព័ន្ធ​មាន​ផែនការ​បន្ត​ពង្រឹង​អភិបាលកិច្ច​នៃ​កិច្ច ដឹកនាំ​របស់​សហព័ន្ធ ដោយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ (២០២៣-២០២៧) និង​បន្ត​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ក្នុង​ការបើក​ច្រក​ទីផ្សារ​ថ្មីៗ ជាពិសេស​ទីផ្សារ​ប្រទេស​ហ្វីលីពីន​។​

​ជាងនេះទៅទៀត​សហព័ន្ធ​នឹង​ពង្រីក​ទីផ្សារ​នាំចេញ​សក្តានុពល​ដទៃទៀត តាមរយៈ​ការចូលរួម​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ក្រុង​ឌូ​បៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម (​នា​ខែកុម្ភៈ​) ប្រទេស​ថៃ (​នា​ខែឧសភា​) និង​ប្រទេស​អាឡឺម៉ង់ (​នា​ខែតុលា​ខាងមុខ​)​ក៏ដូចជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជ​កម្ម​ទៅ​តំបន់ និង​ប្រទេស​គោលដៅ​មួយចំនួនទៀត ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​អូស្ត្រាលី ជាដើម​។​

​ឧកញ៉ា​ប្រធាន​សហព័ន្ធ បន្ថែមថា សហព័ន្ធ​មាន​ផែនការ​បន្ត​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ចិន​ឱ្យបាន​ច្រើនជាង ៤០​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២៣ នេះ​តទៅ ពិសេស​បន្តធ្វើ​ពិពិធ​កម្ម​ទៅកាន់​ទីផ្សារ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅ កាន់​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត រួមមាន​៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈិមបូព៌ា សិង្ហ​បុរី ហុងកុង ប្រទេស​ឥណ្ឌូនេស៊ី ។​ល​។ ព្រមទាំង​ផ្សព្វផ្សាយ​ម៉ាក​អង្ករ ដែលមាន​ចុះបញ្ជី​រួច ដូចជា ម៉ាក​វិញ្ញាតកម្ម “​ម្លិះ​អង្ករ​” និង​ម៉ាក​សមូហភាព “SKO” និង​អង្ករដំណើប​ស្បៃ​មង្គល “DSMK”​៕ដោយៈសុភក្ត្រា