សន្ដិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់

ពោធិ៍សាត់៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានចុះបង្រ្កាបបទល្មើសនេសាទ ប្រភេទឧបករណ៍ឆក់ត្រីនិងរឹបអូសវត្ថុតាងជាច្រើន។

មន្ត្រីនគរបាលបានឱ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទខាងលើ នៅលើផ្ទៃទឹកបឹង​ទន្លេសាប ម្តុំផាត់សណ្ដោង ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ។

មន្ត្រីដដែលបានបន្តថា ជាលទ្ធផលកម្លាំងបានរឹបអូសឧបករណ៍នេសាទល្មើសច្បាប់ប្រភេទឆក់ត្រី​មានអាគុយ​ចំនួន៥-អាំងវែរទ័រមួយគ្រឿង-ដែកឆក់ត្រី៤គូ-ត្រីប្រមាណ១០គីឡូ-កាណូត២គ្រឿងនិងទូកមួយ។ចំណែកក្រុមជនល្មើសដែលកំពុងប្រព្រឹត្តបានលោតទឹកគេចខ្លួន​បាត់អស់ពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពីដកហូតវត្ថុតាងបទល្មើសនេសាទ កម្លាំងបានយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធី​និងបន្តស្វែងរកចាប់ជនល្មើសយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ