សន្ដិសុខសង្គម

រឿងគ្រឿងញៀនជាង២០គីឡូនឹងប្រកាសផ្តន្ទាទោសលើជន៤នាក់ពេលខាងមុខ

ភ្នំពេញ៖តុលាការភ្នំពេញ រសៀលថ្ងៃទី៨ ខែកុម្ភៈ បានបើកសវនាការលើជនជាប់ចោទ៤នាក់​នឹងប្រកាសសាលក្រមផ្តន្ទាទោសនៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ លើរឿងគ្រឿងញៀនជាង២០គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទប្រុសស្រី៤នាក់ ប្រព្រឹត្តករណីដឹកជញ្ជូននិងជួញដូរ​គ្រឿងញៀនជាង២០គីឡូក្រាម ធ្វើឡើងនៅម្តុំបុរីចម្ការដូង ខណ្ឌដង្កោ និងខេត្តពោធិ៍សាត់។ ជនជាប់ចោទឈ្មោះលឹម ម៉េងបូរ៉ា អាយុ៣៨ឆ្នាំ, វ៉ាម៉េងគង់ អាយុ៣០ឆ្នាំ, ហ៊ីមឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ, គង់សុគន្ធារី ភេទស្រី អាយុ៣៧ឆ្នាំ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅ ផ្នែកជំនាញមន្ទីរប្រឆាំង គ្រឿងញៀនក៩-នគរបាលភ្នំពេញ និងនគរបាលខេត្តកណ្តាល បានបង្ក្រាបបទល្មើសគ្រឿងញៀន​លើ២គោលដៅ។ទី១-នៅខណ្ឌដង្កោ ចាប់ជនសង្ស័យ២នាក់ និងគ្រឿងញៀនប្រមាណជាង​២០គីឡូក្រាម។

ទី២-ខែឆ្នាំដដែល នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ជនសង្ស័យ​២នាក់ដកហូតវត្ថុតាងប្រភេទHEROIN ចំនួន៦០បន្ទះ-អាវុធខ្លី១ដើមម៉ាកឡុង១៩- មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកព្រូស១គ្រឿង។ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ​គ្រឿងញៀន បទរក្សាទុក ដឹកជញ្ជូន ផលិតនិងចរាចរណ៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសពី២០ឆ្នាំទៅ៣០ឆ្នាំ ឬអស់មួយជីវិត៕ដោយ៖វិចិត្រ