អន្តរជាតិ

រុស្ស៊ីព្រមានបណ្តេញមន្រ្តីតំណាង​ស្ថានទូត​អាម៉េរិក​ជាថ្មី បើនៅតែបន្តផ្សាយព័ត៌មានមិនពិត

ទីក្រុងមូស្គូ ព្រមានបណ្តេញមន្រ្តីតំណាងស្ថានទូតអាម៉េរិកជាថ្មីម្តងទៀតចេញពីប្រទេស ប្រសិនបើនៅតែបន្តសកម្មភាពលូកលាន់កិច្ចការផ្ទៃក្នុងរុស្ស៊ី និងផ្សាយព័ត៌មានបង្កាច់បង្ខូច។

យោងតាមទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅដើមសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានទាមទារ​ឱ្យស្ថានទូតអាម៉េរិកនៅទីក្រុងមូស្គូបញ្ឈប់ការផ្សព្វផ្សាយនូវអ្វីដែលទីក្រុងមូស្គូចាត់ទុកថាជាព័ត៌មានក្លែងក្លាយទាក់ទងនឹងប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បើមិនធ្វើតាមទេ រុស្ស៊ីនឹងចាត់វិធានការ​បណ្តេញអ្នកការទូតចេញដោយមិនយោគយល់អ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា រុស្ស៊ីបានផ្ញើសារព្រមានទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី Lynne Tracy រួចហើយ តែមិនមានការឆ្លើយតបនោះទេ ទាំងដែល Tracy កាលពីចូលកាន់តំណែងដំបូងខែមុន សុទ្ធតែបានសច្ចាយ៉ាងម៉ឺងម៉ាត់ចំពោះមុខច្បាប់ប្រទេសរុស្ស៊ី មិនឈឺឆ្អាលនឹងសកម្មភាព​ណាមួយរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

មិនចាំយូរ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានតបថា ស្ថានទូតអាម៉េរិកពិតជាបាន​ទទួលសារទូតពីក្រសួងការបរទេសរុស្ស៊ីមែន ប៉ុន្តែអាម៉េរិកគ្មានគោលនយោបាយទូទៅក្នុងការធ្វើ​អត្ថាធិប្បាយឆ្លើយឆ្លងបកស្រាយការទូតវិញនោះទេ។ បើទោះជាយ៉ាងណាក៏ដោយ លោកស្រី Lynne Tracy ជាឯកអគ្គរដ្ឋទូតអាម៉េរិកមិនបានលម្អិតអំពីសកម្មភាពដែលរុស្ស៊ីបានចោទប្រកាន់ឡើយ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា