អន្តរជាតិ

របាយការណ៍ស៊ើបអង្កេតចេញហើយ៖ ពូទីនគឺជាអ្នកបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះស៊ីវិល MH17កាលឆ្នាំ២០១៤

នៅទីបំផុតរបាយការណ៍ស៊ើបអង្កេតអន្តរជាតិបានលាតត្រដាងថា លោកពូទីន ប្រធានាធិបតី រុស្ស៊ីគឺជាអ្នកនៅពីក្រោយការបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះស៊ីវិលម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤។

ការសន្និដ្ឋានរបស់ក្រុមស៊ើបអង្កេតរួម ហៅកាត់ (JIT) បានរកឃើញនៅសប្តាហ៍នេះថា ប្រធានាធិបតីពូទីន​គឺជាអ្នកនៅពីក្រោយសោកនាដកម្មធ្លាក់យន្តហោះ MH17 ជើងហោះហើរម៉ាឡេស៊ី សម្លាប់មនុស្ស២៩៨នាក់ កាលឆ្នាំ២០១៤។ របាយការណ៍បានរកឃើញថា នៅក្នុងការសន្ទនាតាមទូរសព្ទ​ដែលបានថតទុក មន្ត្រីរុស្ស៊ីបាននិយាយថា ការសម្រេចចិត្តផ្តល់ជំនួយផ្នែកយោធាគឺស្ថិតនៅជាមួយ​ប្រធានាធិបតី។ ការ​សម្រេច​ចិត្ត​នេះ​ថែម​ទាំង​ត្រូវ​បាន​ពន្យារ​ពេល​មួយ​សប្តាហ៍​ទៀត​ផង “ព្រោះ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ធ្វើ​ការ​សម្រេច​ចិត្តបាន នោះគឺជាអ្នកស្ថិតនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​បារាំង”។

កាលនោះ គឺនៅថ្ងៃទី ៥ និង ៦ ខែមិថុនា ឆ្នាំ ២០១៤ គឺជាពេលដែលលោកប្រធានាធិបតី Putin បានស្ថិតនៅក្នុងប្រទេសបារាំង ដើម្បីប្រារព្ធទិវាខួបនៃសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ “មានព័ត៌មានជាក់លាក់ដែលថា សំណើរបស់ពួកបំបែកខ្លួននៅដូណេត ត្រូវបានបញ្ជូនទៅកាន់​ប្រធានាធិបតី ហើយត្រូវបានយល់ព្រម។ តាមការស៊ើបអង្កេត គេមិនបានរកឃើញលម្អិតទេ ក៏ប៉ុន្តែបន្តិចក្រោយមក ប្រព័ន្ធការពារដែនអាកាសធុនធ្ងន់រុស្ស៊ីក៏បានលេចឡើង និងបាញ់ទម្លាក់​យន្តហោះ​ពាណិជ្ជកម្មស៊ីវិល MH17 ដែលកំពុងហោះឆ្លងកាត់។  ជុំវិញរបាយការណ៍នេះ ទីក្រុងមូស្គូ​មិនទាន់ផ្តល់ការឆ្លើយតបទេ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា