សន្ដិសុខសង្គម

រថយន្តស្ទូចបុកជាមួយម៉ូតូជិះឆ្លងផ្លូវអូសជាច្រើនម៉ែត្ររបួសធ្ងន់២នាក់

ភ្នំពេញ​៖បុរស២នាក់ជិះម៉ូតូឌុបគ្នាតាមផ្លូវបេតុងឆ្លងមកផ្លូវធំ ត្រូវរថយន្តស្ទូចបុករួចអូស​ជាច្រើនម៉ែត្រ​បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ២១៧​ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម​ផ្លាកលេខ​កំពង់ចាម1X- 5326 ឌុបគ្នាចេញពីផ្លូវបេតុងចាក់សំរាមពីជើងទៅត្បូងឆ្ពោះទៅផ្លូវធំ​។មកដល់កន្លែងខាងលើមានរថយន្ត​ស្ទូចដឹកផ្ទះចល័ត ​ផ្លាកលេខភ្នំពេញ3D-4663 ជ្រុលបុកម៉ូតូ​និងអូសជាច្រើនម៉ែត្រ​ បណ្ដាលឱ្យ​រងរបួសធ្ងន់​ទាំង២នាក់​។

បន្ទាប់ពីកើតហេតុ​ អ្នកបើក​បរបានឈប់រថយន្តរួចរត់ចូលក្នុងព្រៃបាត់។​ក្រោយមករថយន្ត​សាមុយបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ​។ រីឯរថយន្តនិងម៉ូតូ​ត្រូវជំនាញចរាចរណ៍ខណ្ឌដង្កោ​នាំទៅទុក​ដើម្បីដោះស្រាយពេលក្រោយ​៕​ដោយ៖វិចិត្រ