សេដ្ឋកិច្ច

ប្រព័ន្ធ​ធនាគារ​ហិរញ្ញវត្ថុ ផ្តល់​ឥណទាន​ទៅកាន់​វិស័យសេដ្ឋកិច្ច ប្រមាណ​៥៦ ប៊ី​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖​ប្រព័ន្ធ​ធនាគារ​ហិរញ្ញវត្ថុ បានផ្តល់​ឥណទាន​ទៅកាន់​វិស័យសេដ្ឋកិច្ច (Real Sector) ជាមួយ​កំណើន២១% ប្រមាណ​៥៦ ប៊ី​លាន​ដុល្លារ​អាមេរិក​, ប្រាក់​បញ្ញើ​អតិថិជន​កើន​ជាង ១១% ឬ​ប្រមាណ​ជាង ៤៤​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ពី ១២,៧​លាន ដល់ ១៤,៣​លាន​គណនី​និង​គណនី​ឥណទាន​អតិថិជន​ពី ៣,៤​លាន ដល់ ៣,៧​លាន​គណនី​។

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​នៅក្នុង​សន្និសីទ​សារពត៌មាន​ស្តីពី​”​ស្ថានភាព​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ​និង​វិធានការ​បុ​រេ​សកម្ម​ឆ្លើយតប​ទៅនឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​” នា​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​។​

លោក​បាន​បន្ថែមថា​៖​បើសិនជា​គិតតែ​គ្រឹះស្ថាន​ធនាគារ​តែឯង ឥណទាន​ទៅកាន់​វិស័យសេដ្ឋកិច្ច មាន​កំណើន ១៩% ប្រមាណ​ជា ៤៦​ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ដំណាច់ឆ្នាំ​២០២២, ប្រាក់​បញ្ញើ​អតិថិជន​កើន​ជិត​១០% ឬ​ប្រមាណ​ជាង ៣៨​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ ៦០ ធនាគារ​ឯកទេស ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៥​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ ១៦ អ្នកដំណើរ​កា​រត​តិ​យ​ភាគី ៥ គ្រឹះស្ថាន​ផ្តល់សេវា​ទូទាត់​សង​ប្រាក់ ៣៤ អ្នកផ្តល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ១ ការិយាល័យ​តំណាង​ធនាគារ​បរទេស ៦ និង​អាជីវកម្ម​ប្ដូរប្រាក់ ២.៨៦៩​។​

​លោក ​រ័ត្ន សោភ័ណ បាន​លើកឡើងថា​ ៖ ​នៅ​ឆ្នាំ​២០២២​នេះ ប្រព័ន្ធ​ធនាគារ​កម្ពុជា​សម្រេចបាន​លទ្ធផល​ល្អនិង​បានរួម​ចំណែក​យ៉ាង​      សំ​ខា​ន់ ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​គាំទ្រ​កំណើនសេដ្ឋកិច្ច ដែល​ត្រូវបាន​ប៉ាន​ស្មានថា ងើបឡើង​វិញ ក្នុង​អត្រា ៥,១%​។​អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ដុល្លារ​អាម៉េរិក​ត្រូវបាន​រក្សា​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤.១០២​រៀល ក្នុង​១​ដុល្លារ​អាមេរិក​ហើយ​អត្រា​អតិផរណា​ប្រចាំឆ្នាំ​២០២២ មាន​កម្រិត ៥,៥%​៕ដោយៈសិរីមតី