អន្តរជាតិ

ប្រទេសព័រទុយហ្គាល់ផ្តល់រថក្រោះខ្លារខិន Leopard 2 ចំនួន៣គ្រឿងដល់អ៊ុយក្រែន

ប្រទេសព័រទុយហ្គាល់ សន្យាថានឹងយល់ព្រមផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ចំនួន៣គ្រឿង រថពាសដែកច្រើនគ្រឿងដល់អ៊ុយក្រែននៅខែមីនាក្រោយនេះ​ ដើម្បីសម្ដែងការប្តេជ្ញាចិត្តប្រឆាំងរុស្ស៊ី។

យោងតាមសារព័ត៌មានរ៉យទ័រ នាយករដ្ឋមន្រ្តីព័រទុយហ្គាល់ លោក Antonio Costa បានប្រកាសប្រាប់ទៅកាន់សភាថា ទីក្រុង Lisbon នឹងផ្គត់ផ្គង់ដល់ទីក្រុង Kyiv ជាមួយនឹងរថក្រោះ Leopard 2 ចំនួនបីគ្រឿងនៅខែក្រោយ។ “ឥឡូវនេះយើងកំពុងអនុវត្តផែនការស្តារ និងថែទាំរថក្រោះ Leopard 2 ហើយយោងតាមផែនការ យើងមានជំហរមួយដើម្បីអាចបញ្ជូនពួកវាចំនួនបីគ្រឿង​ចេញក្នុងខែមីនា”។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍មុន ខណៈដែល Costa បានរាយការណ៍ថាព័រទុយហ្គាល់កំពុងធ្វើការជាមួយប្រទេសអាល្លឺម៉ង់លើការជួសជុលឡើងវិញនូវរថក្រោះ Leopard 2 មួយចំនួនដែលមិនដំណើរការ។ ព័រទុយហ្គាល់ក៏នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ​ជាមួយនឹងរថពាសដែក M113 ចំនួន ១៤ គ្រឿងបន្ថែមទៀត ម៉ាស៊ីនភ្លើងថាមពលខ្ពស់ ៨ គ្រឿង គ្រាប់រំសេវ ១២០ មិលី្លម៉ែត្របន្ថែម និងឧបករណ៍វេជ្ជសាស្ត្រអនាម័យចំនួន ២ តោន។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ធ្លាប់បាននិយាយកាលពីមុនថា អ៊ុយក្រែនត្រៀមនឹងទទួលរថក្រោះលោកខាងលិចទំនើបទាំងអស់ចំនួនចាប់ពី ១២០-១៤០ គ្រឿងពីក្រុមចម្រុះនៃប្រទេសដៃគូចំនួន ១២៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា