សន្ដិសុខសង្គម

នាំខ្លួនជាងប៉ះកង់ឡានម្នាក់ករណីទិញលក់គ្រឿងញៀនទៅតុលាការ

កណ្តាល៖ បុរសជាងប៉ះកង់រថយន្តចល័តម្នាក់ បានទិញគ្រឿងញៀនពីចោមចៅភ្នំពេញយកទៅ​លក់បន្តនៅស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវនគរបាលចាប់ខ្លួន រួចនាំទៅតុលាការ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា បុរសដែលកម្លាំងឃាត់ខ្លួននៅត្រង់ដីឡូត៍មួយ ស្ថិតក្នុងភូមិចម្ការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។ ជនសង្ស័យឈ្មោះ ប៊ី ឡៃ អាយុ៤៣ឆ្នាំ ជាអ្នកប៉ះកង់ឡានចល័ត នៅភូមិត្រពាំងវែង១ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពេលឃាត់ខ្លួន កម្លាំងជំនាញបានរកឃើញគ្រឿង​ញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ និងសម្ភារវេចខ្ចប់មួយចំនួន ក៏នាំទៅប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀននេះខ្លួនបានទិញពីមនុស្ស​ប្រុសម្នាក់នៅម្តុំចោមចៅដើម្បីយកមកលក់បន្ត។ជនសង្ស័យជាមួយវត្ថុតាងត្រូវបាននគរបាលស្រុក​កសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ