សន្ដិសុខសង្គម

ទាស់សម្តីគ្នាប្រពន្ធចាប់រនូតគ្រែវាយប្តី រហូតស្លាប់ទុកកូន៦នាក់នៅកំព្រា

តាកែវ៖ក្នុងគ្រួសារក្រីក្រមួយបានទាស់សម្តីគ្នាបង្កជាជម្លោះ ត្រូវប្រពន្ធចាប់បានរនូតគ្រែវាយលើប្តី​ឱ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់កូន៦នាក់ឱ្យនៅកំព្រា។ករណីប្រពន្ធវាយសម្លាប់ប្តីនេះ បានកើតឡើងនៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ។

លោកសួស វណ្ណៈ អធិការរងនគរបាលស្រុកសំរោងបានឱ្យដឹងថា ប្រពន្ធជាជនសង្ស័យឈ្មោះនុត ម៉ៅ អាយុ៥៣ឆ្នាំ។ប្តីដែលស្លាប់ឈ្មោះឌឿន តារា អាយុ ៥៨ឆ្នាំ ពួកគេនៅភូមិឃុំខាងលើ។

មូលហេតុដែលបណ្តាលឱ្យប្រពន្ធវាយប្តីរហូតស្លាប់ គឺមកពីប្តីគាត់រករឿងក្នុងគ្រួសារជារៀងរាល់ថ្ងៃ។តែកន្លងមកប្រពន្ធមិនតបតជាមួយទេ។មុនកើតហេតុ ជនរងគ្រោះជាប្តីបានទាញរនូតគ្រែមកវាយលើ​ប្រពន្ធមុន។ពេលនោះប្រពន្ធចាប់រនូតគ្រែបានក៏វាយទៅប្តីវិញរហូតស្លាប់តែម្ដង។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ខ្វាវបានចុះឃាត់ខ្លួនស្ត្រីជាប្រពន្ធបញ្ជូនទៅអធិការដ្ឋាន​នគរបាលស្រុកសំរោង ដើម្បីចាត់ការទៅតាមច្បាប់។ករណីនេះអ្នកដែលរងគ្រោះធំគឺកូនប្រុសស្រី​ចំនួន៦នាក់រស់នៅកំព្រា ព្រោះម្តាយជាប់ពន្ធនាគារ ឪពុកបានស្លាប់៕ដោយ៖វិចិត្រ