អន្តរជាតិ

តោសមុទ្ររាប់រយក្បាលបានងាប់ដោយសារជំងឺផ្តាសាយបក្សីនៅប៉េរូ

ដោយ៖សហការី

កាលពីថ្ងៃអង្គារមានសេចក្តីរាយការណ៏មកថាមានសត្វតោសមុទ្រចំនួន ៥៨៥ ក្បាលរូម នឹងសត្វស្លាបព្រៃចំនួន ៥៥០០០ ក្បាលបានងាប់ដោយសារវីរុសផ្តាសាយបក្សី H5N1 កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ នៅប្រទេសប៉េរូ។ នេះគឺជារបាយការណ៍ចុងក្រោយស្តីពីផលប៉ះពាល់ដោយសាការវាយប្រហារបស់ជំងឺនេះ។

បើយោងតាមទីភ្នាក់ងារអភិរក្សតំបន់ការពារធម្មជាតិ Sernanp បានថ្លែងអោយដឹងថា បន្ទាប់ពីរកឃើញការងាប់របស់សត្វស្លាបចំនួន ៥៥,០០០ ក្បាល នៅក្នុងតំបន់ឆ្នេរអភិរក្សចំនួន ៨ ក្រុមអ្នកជំនាញបានរកឃើញសត្វទាំងនោះងាប់ដោយសាជំងឺផ្តាសាយបក្សីគេក៏បានអះអាងផងដែថាមានងាប់សត្វតោសមុទ្រចំនួន ៥៨៥ក្បាលនៅក្នុងតំបន់អភិរក្សដែនសមុទ្រចំនួនប្រាំពីរ។

Sernanp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វស្លាបដែលងាប់ទាំងនោះ រួមមានសត្វក្រៀលជាច្រើនប្រភេទ និងសត្វភេនឃ្វីនផងដែ។

បើយោងតាមលទ្ធផលធ្វើតេស្តរបស់មន្ទីរពិសោធន៏លើសត្វតោសមុទ្រដែលងាប់បានបញ្ជាក់ថាជាមេរោគផ្តាសាយបក្សីប្រភេទ H5N1 គេបានជំរុញឱ្យអាជ្ញាធរប្រកាសអំពី “វិធានការបង្ការនិងប្រុងប្រយ័ត្នតាមបច្ចេកទេសជីវសាស្រ្ត” ។

សម្រាប់ស្ថាប័នសេវាព្រៃឈើ និងក្រុមអភិរក្សសត្វព្រៃថ្នាក់ជាតិរបស់ប្រទេសប៉េរូ (SERFOR) បានជំរុញឲ្យមនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេត្រូវជៀសវាងការប៉ះពាល់ដែលទាក់ទងជាមួយសត្វតោសមុទ្រ និងសត្វស្លាបសមុទ្រនៅតាមឆ្នេរទាំងនោះ។

អាជ្ញាធរប៉េរូបានសម្លាប់សត្វស្លាបចំនួន ៣៧,០០០ ក្បាលកាលពីខែធ្នូនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដោយសាររងការវាយប្រហាដោយជំងឺគ្រុនផ្តាសាយបក្សី។ ការផ្ទុះឡើងនៃជំងឺនេះគឺកើតឡើងមុនពេលដែលមានការរាលដាលដល់សត្វព្រៃ។

ការសម្លាប់បក្សីដែលឆ្លងជំងឺនេះគឺជាផ្នែកមួយនៃវីធីការពារតាមធម្មតាដើម្បីគ្រប់គ្រងមិនឲ្យមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។

ប្រទេសនេះបានប្រកាសអាសន្នលើផ្នែកសុខភាពក្នុងរយៈពេល ១៨០ ថ្ងៃ កាលពីខែខែវិច្ឆិកាកន្លងទៅ ក្រោយពីបានរកឃើញករណីឆ្លងរាលដាលមេរោគ H5N1 ចំនួន ៣ ករណីយ៉ាងធ្ងន់ធ្ងរលើសត្វពាហនៈ។

បើយោងតាមទីភ្នាក់ងារសុខភាពកសិកម្ម SENASA បានឲ្យដឹងថាជំងឺនេះបានឆ្លងតាមរយៈបក្សីដែលធ្វើចំណាកស្រុកមកពីអាម៉េរិកខាងជើង។

បើគិតតាំងពីចុងឆ្នាំ ២០២១ មកនៅទ្វីបអឺរ៉ុបត្រូវបានគេចាត់វិធានកាគ្រប់គ្រងលើការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក ក្នុងខណៈដែលទ្វីបអាម៉េរិកខាងជើង និងខាងត្បូងក៏កំពុងរងផលប៉ះពាល់ដោយសាការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតនេះផងដែរ។

វាជាការកម្រណាស់ដែលជំងឺគ្រុនផ្តាសាយបក្សីអាចចម្លងទៅពពួកថនិកសត្វ ហើយវាកម្រណាស់ដែលមនុស្សរងការឆ្លងមេរោគប្រភេទនេះដែលអាចវិនាសបាន។

ក៏ប៉ុន្តែនៅក្នុងអំឡុងពេលថ្មីៗនេះ មេរោគប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងសត្វកញ្ជ្រោង និងសត្វកណ្ដុរក្នុងប្រទេសអង់គ្លេស ក្នុងសត្វឆ្មានៅប្រទេសបារាំង និងក្នុងសត្វខ្លាឃ្មុំហ្គ្រីសលីនៅប្រទេសម៉ុងតាណា។ ពពួកថនិកសត្វទាំងអស់នេះត្រូវបានគេដាក់ការសង្ស័យថាវាបានស៊ីបក្សីដែលមានមេរោគប្រភេទនេះ៕

 

ប្រភព អាអេហ្វប៉េ