សន្ដិសុខសង្គម

ជិះម៉ូតូជ្រុលបុកកុងតឺន័រកំពុងចត បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយបុរស៣នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនដើម្បីគេចពីក្រុមក្មេងស្ទាវ ក៏ជ្រុលទៅបុកកុងតឺន័រកំពុងចត បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់។ហេតុការណ៍ដ៏រន្ធត់នេះ​បានកើតឡើងនៅតាមផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី៩ ខែកុម្ភៈ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តកុងតឺន័របានចតលើចិញ្ចើមផ្លូវ៣០ម៉ែត្រ​ពីជើងទៅត្បូង។ពេលនោះស្រាប់តែមានបុរស៣នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្ត​កុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តដឹកទៅ​មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង ហើយយករថយន្តកុងតឺន័រ​និងម៉ូតូទៅទុករង់ចាំតំណាងភាគីចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ