អន្តរជាតិ

ចិនអំពាវនាវឲ្យអាម៉េរិកប្រគល់កម្ទេចកម្ទីបាឡុងរបស់ខ្លួនមកវិញ

ប្រទេសចិនអំពាវនាវសុំឲ្យអាម៉េរិក ប្រគល់កម្ទេចកម្ទីបាឡុងរបស់ខ្លួនដែលត្រូវបាន​បាញ់ទម្លាក់​នោះមកវិញ ដើម្បីបង្ហាញពីភាពស្មោះត្រង់នៅក្នុងជម្លោះ។

នេះបើតាមសម្ដីរបស់អ្នកការទូតចិនម្នាក់។ អ្នកការទូតនោះគឺជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសបារាំង លោក Lu Shaye។ លោកបាននិយាយក្នុងបទសម្ភាសន៍កាលពីថ្ងៃចន្ទជាមួយទូរទស្សន៍បារាំង LCI ថា “ប្រសិនបើមនុស្សម្នាក់រើសរបស់មួយនៅតាមផ្លូវ ហើយដឹងថាម្ចាស់ជានរណា អ្នកនោះគួរតែប្រគល់វា​ទៅម្ចាស់គេវិញ”។ លោកLu បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកថាបាននិយាយបំផ្លើសលើ​បញ្ហា​បាឡុង​ថាជាចារកម្ម ខណៈមន្ត្រីចិនអះអាង  ដដែលៗហើយថាជាឧបករណ៍ផ្នែកមួយនៃកិច្ច​ខិតខំប្រឹងប្រែងស្រាវជ្រាវឧតុនិយមស៊ីវិល មិនមែនជាចារកម្មទេ។

យោងតាមលោក Lu ការបដិសេធជាក់ស្តែងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការប្រគល់ កម្ទេចកម្ទីបាឡុងទៅឱ្យជនជាតិចិន គឺជាភស្តុតាងដែលបង្ហាញថាប្រទេសនេះ “មិនស្មោះត្រង់” នៅក្នុងទំនាក់ទំនងតានតឹងរបស់ខ្លួនជាមួយប្រទេសចិនឡើយ។ សម្រង់សម្ដីលោក Lu “បាឡុងនេះគឺជារឿងធម្មតាណាស់” “វាមិនមែនជារឿងចម្លែកទេក្នុងការឃើញបាឡុងចារកម្មអាម៉េរិក ឬបាឡុងដែលប្រើសម្រាប់គោលបំណងផ្សេងទៀត” ។

សូមរំលឹកម្តងទៀតថា ប្រធានបទចារកម្មបានផ្ទុះឡើង​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​ដែល​មន្ត្រី​មន្ទីរ​បញ្ចកោណ​បាន​បញ្ជាក់​ថា ឧបករណ៍​ពណ៌​ស​អាថ៌កំបាំង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​រដ្ឋ​ភាគ​ខាង​លិច​ដែល​ងាយ​រងគ្រោះ។ ឧបករណ៍នោះចុងក្រោយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង​របស់សហរដ្ឋអាម៉េរិកនៅឯឆ្នេរសមុទ្រ Myrtle Beach រដ្ឋ South Carolina កាលពីថ្ងៃទី៤ ខែកុម្ភៈ ខណៈកម្ទេចកម្ទីផ្នែកខ្លះត្រូវបានស្រង់ចេញដោយបុគ្គលិកកងទ័ពជើងទឹកអាម៉េរិក៕

ប្រភព៖New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា