សេដ្ឋកិច្ច

កម្ពុជា រកចំណូលបាន​៥៣​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០២២ មកដល់​បច្ចុប្បន្ននេះ ប្រាក់​ពន្ធ​ដែល​ប្រមូលបាន​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) បាន​ប្រមាណ ៥៣​លាន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គិត​ចាប់ពី​ការចាប់ផ្ដើម​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០២២ មកទល់​បច្ចុប្បន្ននេះ​មាន ក្រុមហ៊ុន​ក្នុង វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) សរុប​ចំនួន​៦៩ បានមក​ចុះបញ្ជី​និង បំពេញ​កាតព្វកិច្ច​សារពើពន្ធ ក្នុងនោះ​ក៏​រួម​មាន​ផងដែរ​នូវ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ជាអាទិ៍ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon, និង Tik Tok​។ ដោយឡែក ចំពោះ​សហគ្រាស​ដែល​នៅ​សេស​ល់ មិនទាន់​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ក្នុង​វិស័យនេះ ក៏​បាននិងកំពុង​ចូល ខ្លួន​មក បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ជា​បន្តបន្ទាប់​ផងដែរ​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ការប្រមូល​ចំណូល​ពី​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក​នេះ គឺជា​ការគិតគូរ​ស្វែងរក​ចំណូល​បន្ថែម​ជូន​រដ្ឋ ដើម្បី​បំពេញតម្រូវការ​ចំណាយ និង​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការអភិវឌ្ឍ​ជាតិ ដោយ​ផ្អែកលើ​មូលដ្ឋាន និង​វិសាលភាព​ដែលមាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន​។ គួរកត់សម្គាល់​ផងដែរ​ថា កន្លងមក​យើង​ពុំទាន់​អនុវត្ត និង​ពុំ​ធ្លាប់​ប្រមូលបាន​ពន្ធ​លើ​វិស័យនេះ​នៅ​ទ្បើ​យ ប៉ុន្តែ​តាមរយៈ​ការរៀបចំ និង​ដាក់ចេញ​យន្តការ​ច្បាស់លាស់ ព្រមទាំង​ការធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​បន្តបន្ទាប់ យើង​បាន​ឃើញថា ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូមជម្រាបថា ជា​យន្ដការ​ក្នុងការ​ប្រមូល​ចំណូល​ដំបូង​ពី​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក (E-commerce) គឺ​តាមរយៈ​ការ​ប្រមូល​អាករ​លើ​តម្លៃបន្ថែម ដែល​ត្រូវ​បានសម្រេច​ចាប់ផ្ដើម​អនុវត្ត តាមរយៈ​អនុក្រឹត្យ​លេខ ៦៥ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​។ ការអនុវត្ត​នេះ​ធ្លាប់​ត្រូវបាន​ពន្យារពេល​ចំនួន​០២​លើក ដើម្បី​ទុកពេល​វេលា​បន្ថែម សម្រាប់​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ជូន​អ្នក​ជាប់ពន្ធ ក្នុងការ​សិក្សា​ឈ្វេងយល់​។ ក្នុងអំឡុង​ពេលនោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានរៀបចំ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​យន្តការ​នេះ​ជាច្រើន និង​តាម​គ្រប់​រូបភាព ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជូន​អ្នក​ជាប់ពន្ធ​។​

​ទន្ទឹមនឹងនេះ ដោយសារ​ទើបតែ​ចាប់ផ្តើម​អនុវត្ត​យន្តការ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​គិតគូរ​រៀបចំ​នូវ​យន្តការ ដែលមាន​ភាពងាយ ស្រួល ដើម្បី​សម្រួល​ដល់​ការអនុវត្ត​របស់​អ្នក​ជាប់ពន្ធ និង​មាន​លក្ខណៈពិសេស​ស្របតាម​ប្រតិបត្តិការ​អាជីវកម្ម ក្នុង​វិស័យនេះ ក្នុងនោះ​រួមមាន​៖ យន្តការ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ (Simplified VAT Registration) និង ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន E-Commerce Tax System៕​ដោយៈសិរីមតី