អន្តរជាតិ

អ៊ុយក្រែនហៅទូរសព្ទជាមួយអាម៉េរិកពិភាក្សាជំនួយបន្ថែមទៀត ខណៈជំនួយចាស់មិនទាន់ដល់ដៃ

ប្រមុខការទូតអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបគ្នាតាមការហៅទូរសព្ទថ្មីនៅសប្តាហ៍នេះ ពិភាក្សាគ្នាអំពីជំនួយអាវុធបន្ថែមទៀត បើទោះបីជាជំនួយចាស់ដែលទើបតែយល់ព្រម​មិនទាន់​បានរៀបចំដឹកចេញក៏ដោយ។

លោក Dmytro Kuleba ជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈបានសន្ទនាតាមទូរសព្ទជាមួយលោក Anthony Blinken ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក។ តាមសម្រង់លម្អិតដោយកាសែតអ៊ុយក្រែនប្រាវដា ប្រមុខការទូតកំពូលទាំងពីរនាក់នេះ ​បាន​ពិភាក្សា​គ្នាបន្ថែម​អំពី​ជំនួយ​យោធា​របស់​អាម៉េរិក​ដល់​អ៊ុយក្រែន និង​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី។  Dmytro Kuleba បាននិយាយលើគណនីធ្វីតធ័របន្ទាប់ពីបញ្ចប់កិច្ចសន្ទនាថា “ការអំពាវនាវដោយផ្តោត​ការយកចិត្តទុកដាក់ជាមួយលេខាធិការ Antony Blinken លើជំនួយយោធាថ្មី ការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី និងការត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗ ខណៈដែលការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ី​ជិតដល់មួយឆ្នាំហើយ”។ គូលេបា ក៏បានសង្កត់ធ្ងន់ថា  រុស្ស៊ីមានកំហុសយ៉ាងខ្លាំង ប្រសិនបើពួកគេ​គិតថាអ៊ុយក្រែន និងសម្ព័ន្ធមិត្តទន់ខ្សោយ មិនហ៊ានបន្តប្រយុទ្ធទៀតនោះ។

ចំពោះផែនការជំនួយថ្មី មិនទាន់មានសេចក្តីរាយការណ៍ឲ្យដឹងភ្លាមៗទេ។ ការពិភាក្សាបានធ្វើឡើង បន្ទាប់ពីអាម៉េរិកទើបតែបានប្រកាសផ្តល់នូវកញ្ចប់ជំនួយយោធា២,២ពាន់លានដុល្លារដល់អ៊ុយក្រែន។ ខាងទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងរួចហើយថា ការដឹកជញ្ជូនអាចត្រូវការពេល តែនឹងពន្លឿនឲ្យឆាប់ ព្រោះអាវុធមិនមែនយកចេញពីឃ្លាំងស្តុកស្រាប់ទេ គឺចាំទិញចេញពីរោងចក្រផ្ទាល់តែម្តង៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា