អន្តរជាតិ

២៤ម៉ោងចុងក្រោយ អ៊ុយក្រែនអះអាងថាបានសម្លាប់ទាហានរុស្ស៊ីជាង១០០០នាក់

ដោយឡែកនៅរយៈពេល២៤ម៉ោងចុងក្រោយនេះ អ៊ុយក្រែនបានអះអាងមកថា បានសម្លាប់ទាហាន​រុស្ស៊ីបានជាង ១០០០នាក់ បើទោះបីជាខាងរុស្ស៊ីមិនមានការឆ្លើយតបអ្វីក៏ដោយ។

យោងតាមប្រភពអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតាមបណ្តាញសង្គម   ហ្វេសបុកបានឲ្យដឹងថា ការខាតបង់សរុបនៃការប្រយុទ្ធរបស់កងកម្លាំងរុស្ស៊ីនៅចន្លោះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ប្រទេសរុស្ស៊ីបានបាត់បង់ទាហានសរុបជាង ១៣៣.០០០ នាក់ រថក្រោះចំនួន ៣.២៤៥ គ្រឿង ប្រព័ន្ធកាំភ្លើងធំចំនួន ២.២៣២ គ្រឿង និងរថពាសដែក ៦.៤៤៣ គ្រឿង។ ក្នុងនោះព័ត៌មានលម្អិត២៤ម៉ោងចុងក្រោយ រួមមានទាហានរុស្ស៊ីជាង ១.០៣០នាក់បានបាត់បង់ជីវិត រថក្រោះ១៤គ្រឿង រថពាសដែក២៨គ្រឿង កាំភ្លើងធំមួយគ្រឿង រថយន្តពិសេស និងឧបករណ៍ផ្សេងទៀត។

ជុំវិញរបាយការណ៍នេះ ខាងរុស្ស៊ីមិនបានឆ្លើយតបអ្វីនោះទេ ហើយខាងសារព័ត៌មានអន្តរជាតិ​ក៏មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់អ៊ុយក្រែនបានត្រឹមត្រូវដែរ។ តាមការអះអាងរបស់អ៊ុយក្រែន ក្នុងបញ្ជីមិនបានរាយការណ៍ថា បានកម្ទេចប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនឡើយ មានត្រឹមរថក្រោះ និងរថពាសដែកច្រើនជាងគេ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា