អន្តរជាតិ

អាម៉េរិកគ្រោងលក់កញ្ចប់សព្វាវុធ១០ពាន់លានដុល្លាររួមបញ្ចូលទាំងប្រព័ន្ធHimars១៨គ្រឿងដល់ប៉ូឡូញ

សហរដ្ឋអាម៉េរិកគ្រោងនឹងលក់កញ្ចប់សព្វាវុធ១០ពាន់លានដុល្លារដល់ប៉ូឡូញ ខណៈនឹងរួមបញ្ចូលទាំង​ប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ Himars១៨គ្រឿង។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារសប្តាហ៍នេះ អាម៉េរិកពិតជាគ្រោងនឹងលក់សព្វាវុធប្រមាណ ១០ ពាន់លានដុល្លារដល់ប្រទេសប៉ូឡូញមែន រួមមានទាំងប្រព័ន្ធបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ស្គាល់ថាជា Himars ចំនួន ១៨ គ្រឿង គ្រាប់រំសេវរយៈចម្ងាយខ្ពស់ ក្នុងអ្វីដែលហៅថាការបង្រួបបង្រួមសម្ព័ន្ធមិត្តដ៏សំខាន់នៃអង្គការណាតូ ស្របពេលដែលរុស្ស៊ីកំពុងធ្វើសង្គ្រាមឥតឈប់នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន។ យោងតាម   សេចក្តី​ថ្លែងការណ៍ កញ្ចប់នេះនឹងរួមបញ្ចូលផងដែរនូវប្រព័ន្ធកាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMS និងប្រព័ន្ធគ្រាប់រ៉ុក្កែត GMLS។

“ការលក់ដែលបានស្នើឡើងនឹងធ្វើឲ្យប្រសើរឡើងនូវគោលដៅយោធារបស់ប្រទេសប៉ូឡូញក្នុងការធ្វើឱ្យទាន់សម័យនូវសមត្ថភាព ពង្រឹងបន្ថែមទៀតនូវអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តដទៃទៀត” ។ “ប៉ូឡូញមានបំណងប្រើប្រាស់បរិបទ និងសេវាកម្មការពារជាតិទាំងនេះ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យខ្លាំងទ្វេដង និងពង្រីកសមត្ថភាពរបស់ខ្លួន​ក្នុងការពង្រឹងការការពារមាតុភូមិ និងទប់ស្កាត់ការគំរាមកំហែងណាមួយយថាហេតុក្នុងតំបន់”។

ចាប់តាំងពីមានការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែនមក ប្រទេសជិតខាងអឺរ៉ុបបាននាំគ្នា​បង្កើនថវិកាការពារជាតិ ទំនើបកម្មអាវុធគួរឲ្យកត់សម្គាល់។ ហើយប៉ូឡូញនេះទៀតសោត ហាក់មានភាពលេចធ្លោណាស់ក្នុងការផ្តល់ជំនួយអាវុធទៅអ៊ុយក្រែន៕

ប្រភព៖Bloomberg

ប្រភពរូប៖Bloomberg
ប្រែសម្រួល៖សុខ តុលា