សន្ដិសុខសង្គម

អគ្គិភ័យឆេះបំផ្លាញផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិអស់ទាំងស្រុង

ស្ទឹងត្រែង៖អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង និងទ្រព្យសម្បត្តិអស់ទាំងស្រុង នៅ ភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីម៉ោងជិត១០ ថ្ងៃទី៨ ខែ កុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនោះធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ សង់ផុតពីដីទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ។ម្ចាស់ឈ្មោះ ឡុង សុផល អាយុ៧១ឆ្នាំ ជាកសិករ ប្រពន្ធឈ្មោះ ហម យៀត អាយុ៧០ឆ្នាំ។ហេតុការណ៍នេះបង្កឱ្យខូចខាត ទូខោអាវចំនួន២-គ្រែប្រអប់២និងសម្ភារប្រើប្រាស់ផ្សេងៗ​ជាច្រើនទៀតត្រូវឆេះអស់ទាំងស្រុង។

ភ្លើងបានបន្តរាលដាលដល់ផ្ទះអ្នកជិតខាងបណ្ដាលឱ្យឆេះជញ្ជាំងមួយចំហៀងដែល ម្ចាស់ឈ្មោះ យិន រ៉ាន់ អាយុ៤៩ ឆ្នាំ និងប្រពន្ធឈ្មោះ ហង្ស ស៊ីណាន អាយុ៤៤ ឆ្នាំ។ មន្ត្រីដដែលបានបន្តថា គ្រោះមហន្តរាយខាងលើនេះមូលហេតុមកពីឆ្លង​ចរន្តអគ្គិសនី។ពេលកំពុងឆេះសមត្ថកិច្ចបានចេញរថយន្តបាញ់ទឹកចំនួន២គ្រឿងជួយអន្តរាគមន៍​ទើបភ្លើងរលត់ទាំងស្រុង៕ដោយ:សុខុម