អន្តរជាតិ

ស្លាប់ជាង២០នាក់,បំផ្លាញផ្ទះរាប់ពាន់ខ្នង ដោយរលកកម្តៅភ្លើងឆេះព្រៃនៅប្រទេសឈីលី

មនុស្សជាង២០នាក់បានស្លាប់ ផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅតែបន្ត​នៅប្រទេសឈីលីអាម៉េរិកកណ្តាល។

អនុរដ្ឋមន្ត្រីមហាផ្ទៃឈីលី លោក Manuel Monsalve បាននិយាយកាលពីថ្ងៃអង្គារថា សីតុណ្ហភាពខ្ពស់ត្រូវបានគេរំពឹងថានឹងមានរហូតដល់ថ្ងៃសុក្រ ហើយអាចកើនឡើងលើសពី ៣៥ អង្សាសេនៅក្នុងតំបន់ Maule និង Nuble ខណៈវានឹងបង្កើតស្ថានភាពស្មុគស្មាញយ៉ាងខ្លាំង​ទាក់ទងនឹងអាកាសធាតុ។ Monsalve បាននិយាយថា “ស្ថានភាពអាកាសធាតុដ៏ស្មុគស្មាញអាច​កើតឡើង” ដោយជំរុញក្រុមអន្តរាគមន៍ឱ្យត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ណាមួយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ភ្លើងបានលេបត្របាក់ផ្ទៃដីជាង ២៩០.០០០ ហិកតា នៅទូទាំងប្រទេសអាម៉េរិកខាងត្បូងមួយនេះ រហូតមកដល់ពេលនេះ ភ្លើងបានសម្លាប់មនុស្ស​យ៉ាងហោចណាស់ ២៦ នាក់ និងបានបំផ្លាញផ្ទះជាង ១០០០ ខ្នង ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មាន​ផ្ទះសំបែង។ តាមប្រភពដដែល អ្នកពន្លត់អគ្គិភ័យប្រហែល ៥៦០០ នាក់ ដែលភាគច្រើនជាអ្នកស្ម័គ្រចិត្ត​កំពុងចូលទៅប្រយុទ្ធបង្រ្កាបភ្លើង ៨១ កន្លែងក្នុងចំណោមកន្លែងភ្លើងឆេះសរុប ៣០១ នៅទូទាំងប្រទេស។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Monsalve បានបញ្ជាក់ឲ្យដឹងថា កងពន្លត់អគ្គិភ័យមកពីប្រទេសកូឡុំប៊ី និងម៉ិកស៊ិកក៏បានមកដល់ដើម្បីជួយគ្នាផងដែរ។ លើសពីនេះ ក៏ចាប់ឃាត់ខ្លួនបានមនុស្ស ១៥ នាក់ពាក់ព័ន្ធនឹងករណី​ផ្សារ​ដែក និង​ការ​ដុត​រោម​សត្វដែរ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា