សេដ្ឋកិច្ច

ស្ថាប័ន​ហិរញ្ញវត្ថុ អំពាវនាវ​ប្រជាពលរដ្ឋ​ឈប់​ទៅរក​កម្ចី​ក្រៅផ្លូវការ និង​កម្ចី​តាមអនឡាញ​

​ភ្នំពេញ​៖​នៅ​កម្ពុជា​បច្ចុប្បន្ន​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់​និង​ការផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​បន្ត​មាន​វត្តមាន ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ប្រជាជន និង​អ្នកប្រើប្រាស់​។​

​ដោយ​មើលឃើញ​ពី​កង្វល់​នេះ បាន​ជំរុញ​ឱ្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC)​ក៏​ដូច​ភាគី​ពាក់ព័ន្ធ​បាន​បន្ត​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ និង​បុគ្គលិក​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​និង​កាត់បន្ថយ​ការផ្តល់​កម្ចី​ក្រៅផ្លូវការ​និង​សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​ការបញ្ជ្រាប​ចំណេះដឹង​នេះ​បាន​ត្រូវគេ​រំពឹងថា​៖​នឹង​ជួយ​ឱ្យ​ប្រជា​ពល​ដ្ឋ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ និង​ចៀសវាង​ផុតពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ផងដែរ​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី “​ស្ថានភាព​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​វិធានការ​បុ​រេ​សកម្ម​ឆ្លើយតប​ទៅនឹង​ការផ្តលសេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​” ដែល​រួមសហការ​រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើកឡើងថា បន្ទាប់ពី​សេចក្តីប្រកាស​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គ​នគរបាល​ស្នងការ​ជាតិ អំពី​កម្ចី​ក្រៅផ្លូវការ ឬ​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ យើង​នឹងមាន​ការផ្សព្វ​ផ្សាយ​បន្ថែមទៀត​ដល់​សហគម​ន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដើម្បីឱ្យ​គាត់​យល់ និង​ជ្រាប​ច្បាស់​អំពី​ការជ្រើសរើស ឬ​ប្រើប្រាស់​កម្ចី​ពី​ស្ថាប័ន ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​មានការ​ការពារ​អតិថិជន​ច្បាស់លាស់ ដើម្បី​ចៀសវាង​កុំឱ្យ​អតិថិជន​ប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ និង​មិនមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​។​

​លោក​បាន​បន្តថា ៖សមាគម​មីក្រូហិរញ្ញវត្ថុ នឹងមាន​បញ្ជី​ឈ្មោះ​ស្ថាប័ន ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារជាតិ ដើម្បី​ចែកជូន​ទៅ​តាម​សហគម​នីមួយៗ ហើយ​ប្រសិន​ពួកគាត់​ពិនិត្យ​បញ្ជី​ឈ្មោះ​ទៅ ហើយ​មិនឃើញ​ស្ថាប័ន​ដែល​ពួកគាត់​មានបំណង់​ចង់​ប្រើប្រាស់​កម្ចី នោះ​វា​អាចមាន​បញ្ហា ឬ​ពួកគាត់​អាច​រាយការណ៍​មកកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ក្នុងន័យនេះវា​នឹង​អាចជួយ​ប្រជាពលរដ្ឋ ដែល​បំណ​ង​​ចង់​ប្រើប្រាស់​កម្ចី ងាក​មកប្រើប្រាស់​កម្ចី​ផ្លូវការ​ពី​ស្ថាប័ន ដែល​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញា​ធារ​មាន​សមត្ថកិច្ច ហើយ​ចៀស​ផុតពី​កម្ចី​ក្រៅ ឬ​ខុសច្បាប់ ដែលមាន​ហានិភ័យ​ខ្ពស់​។

​លោក សុខ វឿន បាន​ថ្លែងថា សមាគម​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ​នានា នឹង​បន្ត​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី និង​មធ្យោបាយ​នានា​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ប្រជាពលរដ្ឋ ធ្វើ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ពិសេស​ការប្រើប្រាស់​កម្ចី​បាន​ត្រឹមត្រូវ​។​

​លោក​បាន​បន្តថា ទន្ទឹមនឹងនេះ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា បានដាក់​ចេញ​ក្រម​ប្រតិបត្តិ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏ដូចជា​វិធាន​ផ្តល់​កម្ចី​ប្រកបដោយ​ទំនួល​ខុសត្រូវ (Responsible Lending) ដើម្បី​ជួយ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ និង​អ្នកប្រើប្រាស់​កម្ចី (​អតិថិជន​) មានការ​រីកចម្រើន​ទាំងអស់គ្នា​។​

​លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) បាន​ថ្លែងថា នាពេល​កន្លងមក សមាគម​បាន​ផ្សព្វផ្សាយ​ពី​បញ្ជី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ត្រឹមត្រូវ​ជូន​សាធារណជន ដើម្បីឱ្យ​ពួកគាត់​យល់​ជ្រាប​អំពី​គ្រឹះស្ថាន​ផ្លូវការ ដែល​ពួកគាត់​អាច​ទទួលបាន​ការប្រើប្រាស់​កម្ចី​ផ្លូវការ និង​ចៀសវាង​ពី​ការប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ​។​

​លោក​បាន​ថ្លែងបន្តថា កម្ចី​ក្រៅផ្លូវការ​តែងតែមាន​ល​ក្ខ​ខណ្ឌ​ងាយស្រួល តែ​បង្ក​ហានិភ័យ​ខ្ពស់ ដូចជា​ការប្រាក់​ខ្ពស់​។ដោយឡែក​សម្រាប់​​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ផ្លូវការ​តែងតែ​ពិនិត្យនិង​សួរនាំ​ច្រើនមុន​ផ្តល់​កម្ចី​ដល់​អតិថិជន ហើយ​អ្វីដែល​សំខាន់​គឺ​ពិនិត្យមើល​លទ្ធភាព​​សង និង​គោលបំណង​នៃ​ឥណទាន ហើយ​ទ្រព្យ​បញ្ចាំ​គឺ​ស្ថិតនៅ​ចំណុច​ក្រោយ​គេ​នៃលក្ខណៈ​វិនិច្ឆ័យ​មុន​ផ្តល់​កម្ចី​។ ដូច្នេះ បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ជំរុញ​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​បាន​ទូលំទូលាយ​។​

​លោក រ័ត្ន សោភ័ណ បានឱ្យដឹងថា បន្ថែម​ពីលើ​ស​នេះ ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​មធ្យោបាយ​នានា​ជូន​ប្រជាពលរដ្ឋ និង​សាធារណៈជន​គឹ​ស្ថិតនៅក្នុង​របៀប​វីវៈ​សំខាន់​របស់​សមាគម​ទាំងពីរ ដែល​នឹង​បន្ត​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ជា​យាន​ក្នុងការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ចៀស​ផុតពី​ការប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ​នានា ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​។​

​លោក​អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជាបាន​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​មានបំណង​ចង់​ប្រើប្រាស់​កម្ចី ពិនិត្យ និង​សម្រេច​ចិត្ត​ឱ្យបាន​ច្បាស់លាស់ មុននឹង​ប្រើប្រាស់​កម្ចីពិសេស​ការប្រើប្រាស់​កម្ចី​ក្រៅផ្លូវការនិង​តាម​ប្រព័ន្ធ​អន​ឡាញដែល​ផ្តល់​លក្ខ​ខណ្ឌ​កម្ចី​ងាយ​ស្រួល តែ​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​។ សូមបញ្ជាក់​ផងដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ជ្រាបថា ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់ និង​ការផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​៕

ដោយៈសិរីមតី