សេដ្ឋកិច្ច

សប្ដាហ៍​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ កម្ពុជា​ទទួលបាន​ទេស​ចរ​ផ្ទៃក្នុង​ជាង​៣០​ម៉ឺន​នាក់

​ភ្នំពេញ​៖ ចុង​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៣០ ខែមករា ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​សរុប​មាន​ចំនួន​៣០៣,១៤៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៥៧,១៣៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៤៦,០១២​នាក់​។​នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៨៣,៩២៨​នាក់​
* រាជធានី​ភ្នំពេញ ៣៨,៣៣១​នាក់​
* ខេត្តសៀមរាប ៣៧,៩២៦​នាក់​
* ខេត្តកំពត ២២,៣៥៨​នាក់​
* ខេត្តបាត់ដំបង ១៩,៦៨៣​នាក់​
* ខេត្តកំពង់ចាម ១៣,៨៧៤​នាក់​
* ខេត្តកណ្តាល ១៣,៣២៦​នាក់​
* ខេត្តពោធិ៍សាត់ ១០,៤០៤​នាក់​។​

​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី​៦​ឡើងវិញ នៅ​តំបន់​អង្គរ ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​លើស​ការរំពឹងទុក​ប្រមាណ​ជាង​១​ពាន់​នាក់ មកពី​៤៣​ប្រទេស ភាគច្រើន​មកពី​អី​រ៉ុ​ប ពិសេស​បារាំង​។ ព្រឹត្តិការណ៍​នេះ ក៏​បង្ហាញ​ពី​គោលដៅ​សុវត្ថិភាព​របស់​កម្ពុជា និង​ការត្រៀម​រៀបចំ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ និង​ជា​ព្រឹត្តិការណ៍​ការចូលរួម​ក្នុង​យុទ្ធនាការ ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ​។​

​ដោយឡែក នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ប្រជាពលរដ្ឋ​ដែលជា​ពុទ្ធសាសនិក​បានធ្វើ​ដំណើ​រ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​នៅតាម​វត្ត​អារាម​នានា ហើយ​ខ្លះ​ក៏បាន​បន្តដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ផងដែរ​៕​

ដោយៈផាវី