អន្តរជាតិ

រុស្ស៊ីចោទអ៊ុយក្រែនថាបានប្រើអាវុធគីមីនៅជិតទីក្រុង Soledar និង Bakhmut ភាគខាងកើតអ៊ុយក្រែន

រុស្ស៊ីចោទអ៊ុយក្រែនថាបានប្រើប្រាស់អាវុធគីមីជីវសាស្រ្តនៅក្នុងសមរភូមិជិតទីក្រុង Soledar និង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនថារុស្ស៊ីចូលចិត្តបង្កើតព័ត៌មានមិនពិត។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា សាធារណរដ្ឋប្រជាមានិត Donetsk ដែលជាភ្នាក់ងារមួយរបស់រុស្ស៊ីនៅក្នុងទឹកដីដែលខ្លួនបានរឹបអូស និងកាន់កាប់បានរាយការណ៍​អំពីការប្រើប្រាស់អាវុធគីមីដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅជិតទីតាំងទាំងពីរ មួយគឺនៅ Soledar ក្រុងរ៉ែអំបិល និងមួយទៀតគឺទីក្រុង Bakhmut ។ ការ​ចោទ​ប្រកាន់​នេះ​មិន​មាន​ភ្ជាប់​ដោយ​ភស្តុតាង​ណា​មួយ​ត្រូវបានចេញ​ផ្សាយ​ជា​សាធារណៈ​នោះ​ទេ ប៉ុន្តែគណៈកម្មាធិការរុស្ស៊ីបានចង្អុល​បង្ហាញថា “ជាលទ្ធផល កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងជួបប្រទះនឹងការចុះខ្សោយនៃសុខភាព រោគសញ្ញាលក្ខណៈនៃការពុល”។ ហើយចំពោះអាការនៃការពុល ប្រភពនេះមិនបានលម្អិតឡើយ។

ឆ្លើយតបជាមួយគ្នា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយថា ពួកគេបានប្រកាន់ខ្ជាប់​នូវច្បាប់សង្រ្គាមយ៉ាងខ្ជាប់ខ្ជួនណាស់។ ការិយាល័យកិច្ចការសាធារណៈបាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “ការចោទប្រកាន់របស់សត្រូវចំពោះការប្រើប្រាស់អាវុធគីមី​ដោយអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនគឺមិនពិតទេ” ។ “អ៊ុយក្រែន​មិន​ដែល​ប្រើ​អាវុធ​បែប​នេះនៅ​កន្លែង​ណា… នៅ​ពេល​ណា​មួយ​ឡើយ”។ ថ្មីៗនេះ ចារកម្មអ៊ុយក្រែនក៏បានស៊ើបដឹងថា ទ័ពរុស្ស៊ីកំពុងមានអាការរាករូស និងក្តៅខ្លួនដែរ ប៉ុន្តែនោះគឺអាចមកពីពួកគេកង្វះខាតអនាម័យ​ដោយខ្លួនឯង៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា