សន្ដិសុខសង្គម

រថយន្តបើកធ្លាក់ផ្លូវក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់ រងរបួស៥នាក់

កំពត៖រថយន្តម៉ាកម៉ាស្តាត្រៃតុនបើកជ្រុលធ្លាក់ផ្លូវរួចក្រឡាប់ចូលក្នុងប្រឡាយបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង៥នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ វណ្ណៈ ឌីណា អាយុ ៣៥ឆ្នាំ នៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកអ្នករងរបួស ឈ្មោះ វុន ប៊ុនវឌ្ឍ អាយុ ២៤ឆ្នាំ អ្នកបើករថយន្ត នៅភូមិអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ។ឈ្មោះ JULIAM អាយុ ២៩ឆ្នាំ-ឈ្មោះ MATH LDE ភេទស្រី អាយុ ២២ឆ្នាំ-ឈ្មោះ AME LIE ភេទស្រី អាយុ ៣០ឆ្នាំ។ ទាំង៣នាក់ជាជនជាតិបារាំង។ឈ្មោះ ឆាង សីហា អាយុ ២៤ឆ្នាំ នៅភូមិស្វាយ ស្រុកពួកខេត្តសៀមរាប ។

មន្ត្រីដដែលបានបន្តថា គ្រោះថ្នាក់ចរាចរនេះដោយរថយន្តម៉ាកម៉ាស្តាត្រៃតុនផ្លាកលេខភ្នំពេញ 2AX-0084 បើកក្រឡាប់ដោយខ្លួនឯងនៅតាមផ្លូវលំក្រាលក្រួសក្រហមក្នុងភូមិ ឃុំខាងលើ។មុនកើតហេតុ គេឃើញរថយន្តបើកពីត្បូងទៅជើង។មកដល់កន្លែងខាងលើជ្រុលធ្លាក់ចូលប្រឡាយ រួចក្រឡាប់តែម្តង។ករណីនេះបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនិងមនុស្សប្រុសស្រី៥នាក់ទៀត​រងរបួសត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យជាបន្ទាន់៕ដោយ៖វិចិត្រ