សន្ដិសុខសង្គម

បំផ្ទុះគ្រាប់ធ្វើអត្តឃាតបន្សល់ទុកលិខិត៣សន្លឹករឿងស្នេហាត្រីកោណ

បាត់ដំបង៖ករណីបុរសម្នាក់បំផ្ទុះគ្រាប់បែកធ្វើអត្តឃាត បានបន្សល់ទុកលិខិត៣សន្លឹក​ពាក់ព័ន្ធរឿង​ស្នេហាត្រីកោណ។ហេតុការណ៍បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួននេះ បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងបរិវេណវិមានសពភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា បុរសពោះម៉ាយម្នាក់ក្រោយធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង កម្លាំងជំនាញបាន​រកឃើញកាបូបស្ពាយមួយដោយបានបន្សល់ទុកនូវលិខិតចំនួន៣សន្លឹកជារបស់ជនអត្តឃាត។ គឺជាពន្លឺបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដ និងហេតុផលនៃការសម្រេចចិត្តខ្លីបញ្ចប់ជីវិតខ្លួនឯង​ទាំងមិនអាល័យកូនតូចប្រុសម្នាក់ផ្ញើនឹងសាច់ញាតិ។

អត្តឃាតជនឈ្មោះចិន ធុរ៉េន អាយុ ២៣ឆ្នាំ ជាបុរសពោះម៉ាយ មានកូនមួយ និងជាបុគ្គលិកបម្រើ​ការងារនៅក្នុងភោជនីយដ្ឋានមួយនាក្រុងប៉ោយប៉ែត។ បុរសពោះម៉ាយខាងលើ មានទំនាក់ជាមួយ​ស្ត្រីម្នាក់​ឈ្មោះ ដាវ៉ាន់ អាយុជាង ២០ឆ្នាំ​ ជាមេម៉ាយកូន២។

ក្រោយមកនាងដាវ៉ាន់ ងាកទៅរកអតីតប្តីដើមរបស់នាងវិញ ធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរបស់អត្តឃាតជន​ជាខ្លាំងម្តងជាពីរដងរហូតដកខ្លួនគេចរសាត់អណ្តែតមកដល់ខេត្តបាត់ដំបង និងសម្រេចចិត្តគិតខ្លី​នៅទីតាំងកើតហេតុតែម្តង៕ដោយ: ព្រះអង្គខ្មៅ