សន្ដិសុខសង្គម

បុរសម្នាក់ឡើងរុះរើខ្សែភ្លើងប៉ះចរន្តអគ្គិសនីឆក់ស្លាប់លើបង្គោល

ព្រៃវែង៖បុរសម្នាក់បានឡើងរុះរើខ្សែភ្លើង ហើយប៉ះចំចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់ជាប់ លើបង្គោលយ៉ាងអាណោចអាធ័មបំផុត។ហេតុការណ៍គួរឱ្យតក់ស្លុតនោះ បានកើតឡើងនៅ ត្រង់បង្គោលភ្លើងជាប់ផ្លូវលេខ៣១២ ស្ថិតក្នុងភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ នី ឆេងវ័ន្ត អាយុ១៨ឆ្នាំ នៅភូមិត្នោតជួរ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាអ្នករុះរើបង្គោលភ្លើង។

មុនកើតហេតុ ជនរងគ្រោះបានឡើងលើបង្គោលភ្លើងរុះរើខ្សែភ្លើងដើម្បីបង្កិលបង្គោល។ពេលនោះទំនងមិនបានប្រុងប្រយ័ត្នក៏ប៉ះចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់នៅលើបង្គោលភ្លើងនោះតែម្តង ។ក្រោយមកត្រូវបានកម្លាំងអាជ្ញាធរជួយអន្តរាគមន៍យកសពចុះមកក្រោម ហើយបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ