សន្ដិសុខសង្គម

បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់ជាង១០ម៉ែត្របណ្តាលឱ្យស្លាប់

មណ្ឌលគិរី៖កម្មករក្រឡុកស៊ីម៉ងត៍ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់កម្ពស់ជាង​១០ម៉ែត្រមកដីបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។គ្រោះអកុសលនេះបានកើតឡើង ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ​ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ចិនសុខនី អាយុ៣១ ឆ្នាំ ជាកម្មករក្រឡុកស៊ីម៉ងត៍ឱ្យក្រុមហ៊ុនយីហោ“ឆៃលី”។កន្លែងកំណើតនៅឃុំព្រែកល្វា ស្រុកព្រែកកប្បាស ខេត្តតាកែវ ហើយបានមកស្នាក់នៅភូមិ សង្កាត់ខាងលើ។ម្ចាស់ផ្ទះកំពុងសាងសង់ឈ្មោះអ៊ិន ស៊ាងអ៊ីម ។

មុនកើតហេតុ មានកម្មករក្រឡុកស៊ីម៉ងត៍៣នាក់បានឡើងទៅបញ្ជាទុយោចាក់បេតុងប្លង់សេ។ពេលកំពុងចាក់បេតុងនៅលើអគារកម្ពស់១៣ម៉ែត្រ ទុយោក្រឡុកស៊ីម៉ងត៍ក៏បានស្ទះ។កម្មករនាំគ្នាសម្រួលឱ្យដំណើរការខណៈរថយន្តក្រឡុកស៊ីម៉ងត៍កំពុងបញ្ឆេះនៅឡើយ។ពេលនោះ ទុយោបានផ្ទុះធ្លាយស៊ីម៉ងត៍បុកត្រូវចំកម្មករម្នាក់បណ្ដាលឱ្យរបូតដៃធ្លាក់ពីលើអគារមកដីហើយ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕ដោយ:សុខុម