សន្ដិសុខសង្គម

បញ្ជូនមេខ្លោង៣នាក់បើកទីតាំងល្បែងស៊ីសងខុសច្បាប់ទៅតុលាការ

ត្បូងឃ្មុំ៖កម្លាំងអាវុធហត្ថបានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមេខ្លោង៣នាក់ ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

កម្លាំងប្រតិបត្តិការបានឱ្យដឹងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅ​បរិវេណ​កាស៊ីណូ ហ្គ្រេនហ្គោលដេន ភូមិត្រពាំងផ្លុង១ ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ ជល់មាន់- អាប៉ោង -យូគី និងឃាត់ខ្លួនមេខ្លោង៣នាក់។

ជនសង្ស័យ ៣នាក់ឈ្មោះ ហួតហាន អាយុ៤៧ឆ្នាំ នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ឈ្មោះ ង៉ូ គានឡុង អាយុ៣៧ឆ្នាំ នៅភូមិជីមាន់កណ្តាល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឈ្មោះ វ៉េត ជីម៉េង អាយុ៤១ឆ្នាំ នៅភូមិតារាជ ស្រុកជុំគីរី ខេត្តកំពត។ជាមួយនោះកម្លាំងដកហូតវត្ថុតាង​ពាក់ព័ន្ធបទល្មើសជាច្រើន។

ក្រោយឃាត់ខ្លួន ជនសង្ស័យជាមួយវត្ថុតាងរួចមក ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូន បន្តតាមនីតិវិធី៕ដោយ៖វិចិត្រ