អន្តរជាតិ

បច្ចុប្បន្នភាពរសៀលថ្ងៃពុធ៖ អ្នកស្លាប់កើនឡើងជិត១០.០០០នាក់ហើយ ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ពិតជាគួរឲ្យរន្ធត់ណាស់ អ្នកស្លាប់បានឡើងដល់ជិត ១០.០០០នាក់ហើយ ដោយសារគ្រោះរញ្ជួយដី​នៅប្រទេសតួកគី និងស៊ីរី គិតត្រឹមរសៀលថ្ងៃពុធ ទី៨ ខែកុម្ភៈ​ឆ្នាំ២០២៣។

យោងតាមប្រភពឌឹហ្កាឌៀន បានឲ្យដឹងនៅថ្ងៃពុធ ម៉ោង ៣:០៤ រសៀលនេះថា មនុស្សយ៉ាងហោចណាស់៩.៥៧៨នាក់ហើយ ខណៈតួកគីមាន ៧.១០៨  និងស៊ីរី ២.៤៧០ នាក់។ យោងតាមអាជ្ញាធរតួកគី ប្រតិបត្តិការសង្រ្គោះកំពុងបន្តយ៉ាងមមាញឹកជាទីបំផុត មានការចូលរួមពីបុគ្គលិកស្វែងរក និងជួយសង្គ្រោះតួកគីជាង ១២.០០០នាក់ កំពុងធ្វើការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ រួមជាមួយនឹងទាហាន ៩.០០០ នាក់ ជាមួយប្រទេសសហការជាង ៧០ បានផ្តល់ក្រុមជួយសង្គ្រោះ និងជំនួយផ្សេងៗទៀត។

ជាមួយគ្នានេះ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសទាំងពីររងគ្រោះដូចគ្នា តែស៊ីរីហាក់ដុនដាបខ្លាំងជាង ព្រោះសូម្បីតែមុនពេលរញ្ជួយដី ប្រជាជនជិត ៧០ភាគរយ គឺបានត្រូវការជំនួយមនុស្សធម៌រួចទៅហើយ។ អង្គការសុខភាពពិភពលោកក៏បានព្រមានទុកជាមុនថា អ្នកស្លាប់អាចកើនដល់២ម៉ឺននាក់។

សូមជម្រាបជាថ្មីថា គ្រោះរញ្ជួយដីបានកើតឡើងកាលពីថ្ងៃចន្ទវេលាទៀបភ្លឺ នៅភាគខាងត្បូងប្រទេសតួកគី និងខាងជើងស៊ីរី។ កម្រិតរញ្ជួយត្រូវបានវាស់ដោយភ្នាក់ងារអាម៉េរិក ៧.៨រិចឆ្ទ័រ ជាកម្រិតខ្លាំងបំផុត ស្លាប់មនុស្សច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩៩៕

ប្រភព៖NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា