សន្ដិសុខសង្គម

តម្កល់ទោសស្ត្រីវៀតណាមម្នាក់ដាក់គុក៧ឆ្នាំដដែលករណីសញ្ចរកម្ម

ភ្នំពេញ៖តុលាការកំពូលតម្កល់ទោសស្ត្រីជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ដដែល ពីបទសញ្ចរកម្មទាក់ទងនឹងពេស្យាចារកុមារ។

លោកជីវ កេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះបាន ប្រកាសសាលដីកាតម្កល់ទោសលើស្ត្រីជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារកំណត់ចំនួន៧ឆ្នាំដដែល។ស្រ្តីជាប់ចោទឈ្មោះ លឿង ទីធាវមី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ជាប់ចោទពីបទសញ្ចរកម្មទាក់ទង​នឹង​ពេស្យាចារកុមារ ប្រព្រឹត្តនៅទីតាំងហាងកាហ្វេ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

សំណុំរឿងខាងលើនេះ ត្រូវបានតុលាការកំពូលសម្រេចយកមកបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី១ ខែកុម្ភៈ និងប្រកាសនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៣នេះ។

គួររំលឹកថា តុលាការភ្នំពេញនាពេលកន្លងទៅបានផ្តន្ទាទោសលើជនជាប់ចោទ​ដាក់ពន្ធនាគារចំនួន៧ឆ្នាំ។ក្រោយមកជនជាប់ចោទមិនសុខចិត្តក៏បានប្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ហើយចៅក្រមសាលាឧទ្ធរណ៍បានតម្កល់ទោសជនជាប់ចោទនៅដដែល ទើបជនជាប់ចោទបន្តប្តឹងសារទុកទៅតុលាការកំពូលទៀត៕ដោយ៖វិចិត្រ