សន្ដិសុខសង្គម

ជិះម៉ូតូលឿនបុករថយន្តពីក្រោយបណ្ដាលឱ្យក្មេងប្រុសម្នាក់ស្លាប់

កំពង់ចាម៖ក្មេងប្រុសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តកំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវជាតិ​លេខ​៦​ ​ក្នុងភូមិ​ភ្នំដិល​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។

មន្រ្តីនគរបាលបានឱ្យដឹងថា មុន​កើតហេតុ មាន​ម៉ូតូ​ម៉ាក​ហុងដា ​ផ្លាកលេខ​ កំពង់ចាម​ 1AD-7376 បើកបរដោយឈ្មោះ​ សៀន​ វិសិដ្ឋ​ ​ អាយុ​១៧ឆ្នាំ​ នៅភូមិ​ទួលចាន់​ ឃុំ​ច្បារអំពៅ​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​។

មកដល់កន្លែងខាងលើ ម៉ូតូបានបុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ផ្លាក​លេខ​សៀមរាប​ 3A-0030 ឈប់​ចតនៅ​ចិញ្ចើម​ផ្លូវ​ពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់តែម្តង។ចំណែកអ្នកបើកបរ​រថយន្តក្រោយហេតុការណ៍កើតឡើងបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានយកម៉ូតូ​និងរថយន្តទៅ​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាធាយ​រង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ