អន្តរជាតិ

គួរឲ្យរន្ធត់! អ្នកស្លាប់ឡើងដល់ជិត៨.០០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ពិតជាគួរឲ្យរន្ធត់ អ្នកស្លាប់ឡើងដល់ជិត ៨.០០០នាក់ហើយ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីនៅដើមសប្តាហ៍នេះ។

យោងតាមប្រភព NBC បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៧.៩០០នាក់ហើយ ខណៈតួកគីមាន ៥.៨៩៤  និងស៊ីរី ២.០៣២ នាក់។ យោងតាមអាជ្ញាធរតួកគី ប្រតិបត្តិការសង្រ្គោះ​កំពុងបន្តយ៉ាងមមាញឹកជាទីបំផុត មានការចូលរួមពីបុគ្គលិកស្វែងរក និងជួយ   សង្គ្រោះតួកគីជាង ១២.០០០នាក់ កំពុងធ្វើការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ រួមជាមួយនឹងទាហាន ៩.០០០ នាក់ ប្រទេសសហការជាង ៧០ បានផ្តល់ក្រុមជួយសង្គ្រោះ និងជំនួយផ្សេងទៀត។

ជាមួយគ្នានេះមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសទាំងពីររងគ្រោះដូចគ្នា តែស៊ីរីហាក់ដុនដាបខ្លាំងជាង ព្រោះសូម្បីតែមុនពេលរញ្ជួយដី ប្រជាជនជិត ៧០ភាគរយ គឺបានត្រូវការជំនួយមនុស្សធម៌រួចទៅហើយ។ អង្គការសុខភាពពិភពលោក ក៏បានព្រមានទុកជាមុនថា អ្នកស្លាប់អាចកើនដល់២ម៉ឺននាក់។

សូមជម្រាបជាថ្មីថា គ្រោះរញ្ជួយដីបានកើតឡើងកាលពីថ្ងៃចន្ទ វេលាទៀបភ្លឺ នៅភាគខាងត្បូង​ប្រទេសតួកគី និងខាងជើងស៊ីរី។ កម្រិតរញ្ជួយត្រូវបានវាស់ដោយភ្នាក់ងារអាមេរិក ៧.៨រិចឆ្ទ័រ ជាកម្រិតខ្លាំងបំផុតប្រចាំសតវត្ស៕

ប្រភព៖NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា