សេដ្ឋកិច្ច

ក្នុង​ឆ្នាំ ២០២២ កម្ពុជា សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ជិត ៤៨​ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖​ក្នុង​ឆ្នាំ២០២២​កន្លងទៅនេះប្រទេស​កម្ពុជាសម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជិត៤៨​ពាន់​លាន​ដុល្លារ​អាមេរិកក្នុងនោះការនាំចេញ​មាន​ទំហំ ២២​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ទំហំ​ជាង ២៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

​ប្រភព​ដដែល​នេះ បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ទំហំ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០២២​នេះ កម្ពុជា សម្រេចបាន​ការនាំចេញ​ជាង ២២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ១៦% ខណៈ​នៅពេល​ដូចគ្នា ឆ្នាំ ២០២១ កម្ពុជា នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ត្រឹមតែ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ​មាន​កំណើន ១៤%, ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ ដូចជា គ្រឿង​បំណែក​អេឡិចត្រូនិក បង្គុំ​ខ្សែភ្លើង ផលិតផល​ពី​ឈើ ផលិតផល​ប្លា​ស្ទិ​ច គ្រឿងបន្លាស់​រថយន្ត និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀត មាន​កំណើន ២៦%, និង​កសិផល​មាន​កំណើន ៦%​។

ចំណែក ការនាំ​ចូលមក​វិញក្នុង​រយៈពេល ១២​ខែ​នេះ កម្ពុជា បាន​នាំចូល​ទំនិញ​ប្រមាណ ២៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែលមាន​ការ​កើនឡើង​ប្រហែល ១១% ហើយ​វា​បានធ្វើ​ឲ្យ កម្ពុជា មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ទំនិញ​នាំចូល​សំខាន់ៗ មានដូចជា យានយន្ត​និង​គ្រឿងចក្រ​, វត្ថុធាតុដើម​និង​គ្រឿង​ម៉ាស៊ីន​បម្រើ​ដល់​គម្រោង​វិនិយោគ​, គ្រឿងសំណង់ និង​ទំនិញ​ចម្រុះ​ផ្សេងទៀត​។​

​ទន្ទឹមគ្នានេះ ប្រទេស​ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំជាងគេ​របស់​កម្ពុជា ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ ១១​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៤% តែ​កម្ពុជា មាន​ឱនភាព​ពាណិជ្ជកម្ម​ជាង ៩​ពាន់ ២​រយ​លាន​ដុល្លារ​អាមេរិក​។​

រីឯសហរដ្ឋអាមេរិក ឈរ​នៅ​លំដាប់​លេខ ២ ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា គិត​ជា​ទឹកប្រាក់​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១៨% ដោយ​ក្នុងនោះ កម្ពុជា នាំចេញ​ទំនិញ​ទៅកាន់​អាមេរិក​ជាង ៨​ពាន់ ៩​រយ​លាន​ដុល្លារ​អាមេរិក ខណៈ​កម្ពុជា នាំ​ចូលមក​ត្រឹមតែ ៣១២​លាន​ដុល្លារ​អាមេរិក មានន័យថា កម្ពុជា សម្រេច​នូវ​អតិរេក​ពាណិជ្ជកម្ម​ជាង ៨​ពាន់ ៦​រយ​លាន​ដុល្លារ​អាមេរិក​៕

ដោយៈសិរីមតី