សន្ដិសុខសង្គម

កុងតឺន័រកៀរម៉ូតូឱ្យដួលខ្ទាតមនុស្សចូលក្រោមកង់កិនស្លាប់ភ្លាម

ភ្នំពេញ​៖​រថយន្តកុងតឺន័របានបើកកៀរម៉ូតូឱ្យដួល ហើយខ្ទាតមនុស្សចូលក្រោមកង់ បណ្តាលឱ្យកិន​បុរសម្នាក់បែកក្បាលចេញខួរស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅផ្លូវចោមចៅ មុខសាលារៀនប៊ែលធី ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ពិន​ សុខណា​ អាយុ២៦ឆ្នាំ ​កន្លែងកំណើត ភូមិឡាំឡូង​ ឃុំជ្រៃឃ្មុំ​ ស្រុកស៊ីធកណ្តាល​ ខេត្តព្រៃវែង។ មុនកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ផ្លាកលេខភ្នំពេញ1GX 3294 តាមផ្លូវចោមចៅ​ ពីកើតទៅលិច។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ​ផ្លាកលេខភ្នំពេញ3D 1881 បើកមកពីក្រោយកៀរម៉ូតូនោះឱ្យដួលហើយខ្ទាតមនុស្សចូលក្រោមកង់កិនបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធ័ម​។ ភ្លាមនោះរថយន្តបង្កបានបន្តបើកប៉ងគេចខ្លួនទៅដល់មុខបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវអ្នកដំណើរដេញចាប់បានទាំងតៃកុងនិង​រថយន្តយកប្រគល់ឱ្យសមត្ថកិច្ច៕ដោយ៖វិចិត្រ