អន្តរជាតិ

Biden និយាយ​ថាទំនាក់ទំនង​អាម៉េរិក​-​ចិន​នឹងមិន​ចុះ​ខ្សោយជុំវិញរឿងបាឡុងទេ

ចំពេលមើលមុខគ្នាមិនត្រង់រឿងបាឡុង ប្រធានាធិបតីអាម៉េរិកលោកចូបៃដិន បាននិយាយថា ទំនាក់ទំនងសហរដ្ឋអាម៉េរិក-ចិន នឹងមិនចុះខ្សោយឡើយ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បាននិយាយបែបនេះ កាលពីថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានបញ្ជាប្រតិបត្តិការបាញ់ទម្លាក់បាឡុងរបស់ចិនកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានបន្ទាប់ពីបាញ់ភ្លាមៗ លោក Biden បានកោតសរសើរកងកម្លាំងអាម៉េរិកដែលអាចបំពេញភារកិច្ចបានយ៉ាងល្អ និងបាននិយាយថា វាតែងតែជាទស្សនៈរបស់គាត់ក្នុងការបាញ់ទម្លាក់យ៉ាងដូច្នេះ។

យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទសប្តាហ៍នេះ ចំពេលដែលស្ថានភាពកំពុងតានតឹងមើលមុខគ្នាមិនត្រូវ ចិនបានសំដែងការខឹងសម្បាយ៉ាងខ្លាំង, បៃដិនស្រាប់តែបានចេញនិយាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងមិនត្រូវបានចុះខ្សោយទៅវិញ។ អ្នកសារព័ត៌មានបានសួរថាតើឧបទ្ទវហេតុបាឡុងធ្វើឱ្យទំនាក់ទំនង អាម៉េរិក-ចិនចុះខ្សោយឬអត់ លោក Biden បាននិយាយដោយផ្ទាល់ថា “ទេ អត់ទេ យើងបានធ្វើច្បាស់លាស់ជាមួយប្រទេសចិន​ហើយនូវអ្វីដែលយើងនឹងធ្វើ។ ពួកគេយល់ពីជំហររបស់យើង យើងនឹងមិនថយក្រោយឡើយ” ។ លោក Biden បាន​បន្ត​ថា៖ “យើង​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ ហើយ​វា​មិន​មែន​ជា​សំណួរ​នៃ​ការ​ចុះ​ខ្សោយ ឬ​មិនខ្សោយនោះទេ វា​ជា​ការ​ពិត”។

គួរជម្រាបជាថ្មីថា មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកបានច្រានចោលនឹងការបកស្រាយរបស់ចិន ដែលថាវាបណ្តាលមកពីខ្យល់ភាគខាងលិចបក់បោកមិនអាចគ្រប់គ្រងបាន។ អាម៉េរិកបានចាត់ទុក​បាឡុងរបស់ចិនដែលហោះចូលដែនអាកាសខ្លួនថាជាទង្វើចារកម្មស្រស់ៗតែម្តង៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា