អន្តរជាតិ

អ្នកស្លាប់ដោយរញ្ជួយដីនៅតួកគី និងស៊ីរី កើនឡើងដល់ជាង៣០០០នាក់គិតត្រឹមថ្ងៃអង្គារនេះ

អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ទៅជាង ៣.០០០នាក់, របួសរាប់ម៉ឺននាក់ហើយគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ខណៈដែលប្រតិបត្តិការសង្រ្គោះ និងជំនួយនៅតែកំពុងបន្ត។

យោងតាមទូរទស្សន៍ CNBCនៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ បានធ្វើសេចក្តីរាយការណ៍បច្ចុប្បន្នភាពថ្មី​ជុំវិញគ្រោះរញ្ជួយដីកម្រិត ៧.៨រិចឆ្ទ័រ ដែលបានធ្វើឲ្យមនុស្សសរុបមកពីតួកគី និងស៊ីរីបានស្លាប់កើន​ឡើង​ដល់ទៅ៣.០៥៥នាក់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគីបាន​និយាយ​ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ១.៧៦២នាក់ និងជាង ១២.០០០ នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ភាគខាងត្បូងនៃប្រទេស ខណៈដែលនៅស៊ីរីវិញមានដល់ទៅ​១.២៩៣នាក់ និងរបួស ២.៩១១នាក់។ អ្នកស្លាប់នៅស៊ីរី ត្រូវបានគេដឹងថា មានមកពីផ្នែកនៃទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាល និងទឹកដីឧទ្ទាមភាគពាយ័ព្យជាប់នឹងតួកគី។

បន្ទាប់ពីការបំផ្លាញដោយការរញ្ជួយដែលត្រូវបានគេវាស់ដឹងថា ៧.៨រិចឆ្ទ័រកាលពីថ្ងៃចន្ទ ភ្នាក់ងារសង្រ្គោះ កម្លាំងស្ម័គ្រចិត្តជាច្រើនពាន់នាក់មកពីតួកគី បានខិតខំដុតដៃដុតជើងចុះជួយ និងរុករក ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ។ យោងតាមប្រភពសារព័ត៌មានអន្តរជាតិផ្សេងៗទៀត បានឲ្យដឹងថា អគារលំនៅដ្ឋានជាច្រើនពាន់ខ្នង បានបាក់ស្រុតចុះហុយទ្រលោម មនុស្សម្នាមិនមានផ្ទះសំបែងជ្រកកោណ និងបានដង្ហោយហៅជំនួយបរិក្ខារពីសំណាក់​សហគមន៍អន្តរជាតិជាចាំបាច់។

ជាការឆ្លើយតប សហរដ្ឋអាម៉េរិកបានសន្យាថារ៉ាប់រងជួយដល់ជនរងគ្រោះឆ្លងព្រំដែនទាំងពីរនេះ តែបានបញ្ជាក់ថា នឹងមិនទាក់ទងជាមួយរដ្ឋាភិបាលស៊ីរីដែលមិនទទួលស្គាល់ឡើយ។ ចំណែកឯសារព័ត៌មានរដ្ឋរបស់ប្រទេសអារ៉ាប់រួមក៏បាននិយាយដែរថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌​ដែលមានតម្លៃ ១៣,៦ លានដុល្លារទៅកាន់ប្រទេសស៊ីរីផងដែរ៕

ប្រភព៖CNBC

ប្រភពរូប៖CNBC
ប្រែសម្រួល៖សុខ តុលា