អន្តរជាតិ

អ៊ុយក្រែនអាចនឹងបញ្ជូនអ្នកសង្រ្គោះច្រើននាក់ទៅជួយតួកគី ទោះខ្លួនកំពុងជាប់ក្នុងសង្រ្គាមក៏ដោយ

អ៊ុយក្រែនថា ខ្លួនអាចនឹងបញ្ជូនអ្នកសង្រ្គោះច្រើននាក់ទៅជួយតួកគីរុករកក្នុងគំនរបាក់បែក​ដោយគ្រោះរញ្ជួយដី បើទោះបីជាបច្ចុប្បន្នខ្លួនក៏កំពុងជាប់ច្បាំងជាមួយរុស្ស៊ីក៏ដោយ។

នេះដោយយោងតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក្នុងអំឡុងការផ្សាយព័ត៌មានរួមជាតិកាលពីថ្ងៃចន្ទទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣។ Kuleba មានប្រសាសន៍ថា “យើងមិនដែលធ្វើអ្វីដែលជះឥទ្ធិពលប៉ះពាល់ផលប្រយោជន៍របស់អ៊ុយក្រែនទេ។ ដូច្នេះហើយ ចំនួនអ្នកជួយសង្គ្រោះអ៊ុយក្រែនរាប់សិបនាក់នឹងអាចធ្វើដំណើរទៅជួយតួកគី ជាអ្នកជិតខាង និងជាមិត្តរបស់យើង”។ ក្នុងន័យនេះ គូលេបា ចង់និយាយថា ទោះកងកម្លាំងសង្រ្គោះអ៊ុយក្រែន​សព្វថ្ងៃត្រូវមានការងារធ្វើយ៉ាងមមាញឹកយ៉ាងណាក៏ដោយក្នុងពេលវេលាសង្រ្គាមនេះ អ៊ុយក្រែនក៏នៅតែអាចឆ្លៀតបញ្ជូនបានខ្លះទៅតួកគី។

ព័ត៌មានលម្អិត៖ Kuleba ក៏បានបញ្ជាក់​ថា ក្រសួងការបរទេស​បាន​ពិភាក្សា​ជាមួយ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​អំពី​រឿង​នេះរួចហើយដែរ។ បច្ចុប្បន្ននេះ ក្រសួងអ៊ុយក្រែនបានទទួលពាក្យស្នើ ២០ ពីពលរដ្ឋអ៊ុយក្រែនដែលមិនអាចទាក់ទងជាមួយសាច់ញាតិរបស់ពួកគេនៅក្នុងប្រទេសតួកគី ក្នុងគ្រាសោកនាដកម្មមហន្តរាយរញ្ជួយដី៕

ប្រភព៖UKRIANKSA PRAVDA

ប្រភពរូប៖UKRIANKSA PRAVDA
ប្រែសម្រួល៖សុខ តុលា