អន្តរជាតិ

អ៊ុយក្រែនរាយការណ៍ថាសម្លាប់បានទាហានរុស្ស៊ីច្រើននាក់ និងចាប់ខ្លួនទាំងរស់២នាក់នៅជិតបាក់មុត

អ៊ុយក្រែនបានអះអាងថា បានសម្លាប់ទាហានរុស្ស៊ី៩នាក់ និងចាប់ខ្លួនទាំងរស់បាន២នាក់កាលពីថ្ងៃ​អាទិត្យនៅជិតខ្សែបន្ទាត់តំបន់បាក់មុត ខេត្តដូណេត។

នេះដោយយោងតាមសេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនតាមបណ្តាញតេឡេក្រាម។ ក្នុងនោះការអះអាង​បាននិយាយថា អង្គភាពវាយលុករបស់រុស្ស៊ីបានប៉ុនប៉ងវាយប្រហារទីតាំងរបស់ឆ្មាំព្រំដែនអ៊ុយក្រែន​នៅជាយក្រុង Bakhmut កាលពីថ្ងៃទី ៥ ខែកុម្ភៈ ប៉ុន្តែការវាយប្រហារនោះ ត្រូវបានខាងអ៊ុយក្រែន​វាយបកវិញដោយជោគជ័យ ដែលជាលទ្ធផលទាហានរុស្ស៊ី ៩នាក់បានស្លាប់ ១៥នាក់របួស និង២នាក់ត្រូវបានចាប់ខ្លួនទាំងរស់។

តាមសម្រង់ព័ត៌មានបន្ថែម សេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានប្រើកាំជ្រួច​ចេញពីឧបករណ៍បាញ់ស្វ័យប្រវត្តិ ធ្វើឲ្យខ្មាំងសត្រូវក្រុមនោះមិនអាចគេចផុត។ ២នាក់ដែលត្រូវ​ចាប់បាននោះ សេចក្តីរាយការណ៍ថាជាសមាជិកនៃក្រុមទាហានស៊ីឈ្នួល Wagner Group និងម្នាក់ទៀតគឺជាទាហានមកពី Tatarstan។ យ៉ាងណាក៏ដោយ អ្នកដែលនៅរស់ត្រូវបានផ្តល់ឲ្យ​នូវជំនួយផ្នែកវេជ្ជសាស្រ្ត។ ជុំវិញដំណឹងនេះរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយទេ៕

ប្រភព៖UKRIANKSA PRAVDA

ប្រភពរូប៖UKRIANKSA PRAVDA
ប្រែសម្រួល៖សុខ តុលា