អន្តរជាតិ

យ៉ាងតិចណាស់១៥នាក់ស្លាប់,របួស២០នាក់បាក់ដីនៅភាគខាងត្បូងប្រទេសប៉េរូ

មនុស្សយ៉ាងតិចណាស់១៥នាក់បានស្លាប់, ២០នាក់រងរបួស ក្នុងគ្រោះមហន្តរាយបាក់ដីនៅ​ភាគខាងត្បូងប្រទេសប៉េរូ។

យោងតាមនាយកវិទ្យាស្ថានការពារជនស៊ីវិលជាតិក្នុងតំបន់ Arequipa របស់ប៉េរូដែលជាតំបន់កើតហេតុ ស្ថិតនៅភាគខាងត្បូងនៃប្រទេសបានឱ្យដឹងថា “ចំនួនអ្នកស្លាប់រហូតមកទល់ពេលនេះបានកើនឡើង​ដល់ ១៥ នាក់ហើយ” ខណៈដែល ២០នាក់ទៀតកំពុងព្យាបាលរបួសស្រាល។ នៅលើច្រាំងទន្លេ Ocoña ស្ថិតក្នុងចំណោមតំបន់ក្នុងនាយកដ្ឋាន Arequipa ដែលប្រឈមនឹងកម្រិតទឹកខ្ពស់ ភ្លៀងបានបន្តធ្លាក់ចុះ​យ៉ាងខ្លាំង គិតត្រឹមព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ ទឹកទន្លេ Ocoña បាននិងកំពុងហូរជន់ក្នុងអត្រា ៥៨៥.៦ ម៉ែត្រត្រីគុណក្នុងមួយវិនាទី ដោយរដ្ឋាភិបាលប៉េរូបានព្រមានថាទឹកអាចហូរចេញប៉ះពាល់ដល់ប្រជាជន​នៅក្បែរនោះ។

ដើម្បីដោះស្រាយមហន្តរាយបាក់ដីនេះ ក្រសួងសុខាភិបាលបានប្រកាសនៅលើគណនី Twitter ថា ខ្លួននឹងបញ្ជូន “កងពលតូចពីរដែលបង្កើតឡើងដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញ​សុខភាពផ្លូវចិត្តទៅកាន់តំបន់នោះ” ក៏ដូចជាថ្នាំពេទ្យទម្ងន់ ១៥០ គីឡូក្រាម ។ កងទ័ពប៉េរូក៏បានដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រទៅកាន់តំបន់នោះ ដោយដឹកជញ្ជូនជំនួយមនុស្សធម៌ ទឹកផឹក និងបាវខ្សាច់ទៅកាន់​កន្លែង​សង្គ្រោះបន្ទាន់ផងដែរ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា