អន្តរជាតិ

មនុស្សជិត២ពាន់នាក់ស្ថិតក្រោមការជម្លៀសនៅរដ្ឋ Ohioអាម៉េរិក ក្រោយរថភ្លើងធ្លាក់ផ្លូវធ្លាយចេញជាតិពុល

មនុស្សជិត២ពាន់នាក់កំពុងស្ថិតក្រោមការជម្លៀសខ្លួននៅភាគខាងកើតរដ្ឋ Ohio សហរដ្ឋអាម៉េរិក បន្ទាប់ពីរថភ្លើងដឹកទំនិញផ្ទុកសារធាតុពុលជាច្រើនទូ បានជួបឧប្បត្តិហេតុធ្លាក់ផ្លូវកាលពីចុងសប្តាហ៍​រំលងទៅ។

អភិបាលរដ្ឋ Ohio លោក Mike DeWine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ស្ថានភាពនៃទូរថភ្លើងចំនួន៥ទូ កំពុងស្ថិតក្នុងភាពប្រថុយប្រថាន អាចផ្ទុះឡើងគ្រប់ពេល ហើយនឹងបញ្ចេញនូវសារធាតុគីមី ផ្សែងពុលសាយភាយ”។ យោងតាមវីដេអូដែលចេញផ្សាយ​ផ្ទាល់កាលពីថ្ងៃចន្ទដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យឃើញពីផ្សែងខ្មៅដ៏ក្រាស់​ហុយចេញពីកន្លែងកើតហេតុ ស្ថិតនៅភាគខាងកើតរដ្ឋអូហៃអូ ដែលជាទីក្រុងនៅជិតព្រំដែន ជាមួយរដ្ឋ Pennsylvania ភាគពាយ័ព្យនៃទីក្រុង Pittsburgh សហរដ្ឋអាម៉េរិក។ អភិបាលក្រុង DeWine រូបនេះ និងអភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានរួមគ្នាបញ្ជាឱ្យមានការជម្លៀសខ្លួនសម្រាប់​អ្នកស្រុកទាំងអស់ដែលរស់នៅជុំវិញបរិវេណជាង៣គីឡូម៉ែត្រពីចំណុចកើតហេតុ។ តាមអ្នកនាំពាក្យ​របស់ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ននៃខោនធី Columbiana បាននិយាយថា ការជម្លៀសជាកាតព្វកិច្ច​បានចំនួន ១.៩០០ នាក់នៅខាងកើត Ohio ដើម្បីគេចចេញពីហានិភ័យនៃសារធាតុពុល Vinyl chloride ដែលជាឧស្ម័នងាយឆេះ និងបង្ករោគមហារីក។

តាមសេចក្តីរាយការណ៍ដដែល រថភ្លើងដែលបានធ្លាក់ផ្លូវនោះ គឺត្រូវបានដំណើរការដោយក្រុមហ៊ុន Norfolk Southern Railroad មានក្បាលរថភ្លើងចំនួន ៣ និងទូដឹកទំនិញចំនួន ១៥០ បានធ្វើដំណើរពីរដ្ឋ Illinois ទៅកាន់ Pennsylvania ស្រាប់តែជួបឧប្បត្តិហេតុនៅវេលាយប់ថ្ងៃសុក្រ។ រហូតមកទល់ពេលនេះ ប្រតិបត្តិការស៊ើបអង្កេតរកមូលហេតុនៅតែកំពុងបន្ត៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា