សន្ដិសុខសង្គម

បញ្ជូនជនជាតិទំពួន៣នាក់រឿងគ្រឿងញៀន និងកាំភ្លើង៥ដើមទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលបានចាប់ជនជាតិដើមភាគតិចទំពួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​និងដកហូតកាំភ្លើងវែងចំនួន៥ដើមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ការបង្រ្កាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅខ្ទមចម្ការមួយកន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ។

ជនសង្ស័យចំនួន៣នាក់ ឈ្មោះ ពុក ខាំលេន អាយុ២៥ឆ្នាំ ជាកម្មករ, ឈ្មោះ សារ៉ាត សុខ អាយុ២៧ឆ្នាំ និងឈ្មោះ ឃួន ឃឹម អាយុ៣៥ឆ្នាំ ។ទាំង៣នាក់ជនជាតិទំពួន នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ពេលបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៤ថង់ធំ កាំភ្លើងវែងចំនួន ៥ដើម,  គ្រាប់ចំនួន៣៤គ្រាប់, ផាវគ្រាប់បែកចំនួន៥២គ្រាប់, គ្រាប់កង់ចំនួន៥៤គ្រាប់, កាំបិតចុងស្រួច ចំនួន៦ និងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀត។ក្រោយពីឃាត់ខ្លួនជនសង្ស័យ នគរបាលស្រុកលំផាត់ រួមទាំងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖សុខុម