សន្ដិសុខសង្គម

បង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់៩កន្លែងនៅក្រុងស្ទឹងត្រែង ឃាត់ខ្លួន៥នាក់

ស្ទឹងត្រែង៖ករណីបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់៩កន្លែង ក្នុងក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៦ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥នាក់ យកទៅសាកសួរ។

មន្ត្រីអាវុធហត្ថបានដឹងនៅថ្ងៃទី៧ ខែកុម្ភៈនេះថា រោងសិប្បកម្មកែច្នៃឈើខុសច្បាប់៩កន្លែង ត្រូវបានបង្ក្រាប។ក្នុងនោះមាន ៧កន្លែងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ និង២កន្លែងទៀតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ប្រតិបត្តិការឆែកឆេរនេះ ព្រះរាជអាជ្ញារងបានឱ្យកម្លាំង​អាវុធហត្ថឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥នាក់ យកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើសាកសួរ។

មន្ត្រីដដែលបានបន្តថា អ្នកពាក់ព័ន្ធឈ្មោះ សុខ វុទ្ធី អាយុ៣៨ឆ្នាំ, ផាម យ៉ាង៉ុក ភេទស្រី អាយុ៣៣ឆ្នាំ- សេកុង អាយុ៤២ឆ្នាំ,ហ្វៀង ធីហឿង ភេទស្រី អាយុ៣៩ឆ្នាំ និងឈ្មោះវ៉ាង ឡូម អាយុ៣៩ឆ្នាំ។ទាំង៥នាក់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ចំពោះសម្ភារផ្សេងៗ ដូចជាម៉ាស៊ីនកែច្នៃ និងឈើគ្រប់ប្រភេទបានដឹកយកទៅទុកនៅ​ខណ្ឌរដ្ឋបាលព្រៃឈើ​ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ:សុខុម