សេដ្ឋកិច្ច

ធនាគារ SME ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ជាង​៥៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា (SME Bank) នៅ​ឆ្នាំ​២០២២ បានផ្តល់​ឥណទាន​ដោយផ្ទាល់​ជូន​ដល់​សហគ្រាស ធុន​តូច និង​មធ្យម ចំនួន ២៣១ សហគ្រាស ដែលមាន​សហគ្រិន​ជា​ស្ត្រី​ចំនួន ៦២ សហគ្រាស និង​សហគ្រិន​ជា​បុរស​ចំនួន ១៦៩ សហគ្រាស ជាមួយ​ទំហំ​ទឹកប្រាក់​ឥណទាន សរុប​ប្រមាណ​ជា ៥៣,៤ លាន​ដុល្លារ​អាមេរិក​។​

​នេះ​បើតាម​របាយការណ៍​ពី​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២​និង​ការលើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣”​របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា នាពេល​ថ្មីៗ​នេះ​។​

​ទាក់ទង​នឹង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់ សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​១ និង ទី​២​ធនាគារ​បានផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​សរុប​ចំនួន ១៩៩២​ស្មើនឹង​ទំហំ​ទឹកប្រាក់​សរុប​២៤០​លាន​ដុល្លារ​អាមេរិក​ដែលជា​ថវិកាបដិភាគ​ស្មើគ្នា​រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា​៖SME Bank​បាន និង​កំពុងដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ នូវ​ចំនួន​ទឹកប្រាក់​សរុប ១៥០ លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកាបដិភាគ​ស្មើគ្នា រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម។

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២២ ធនាគារ​ក៏បានផ្តល់​ឥណទាន​ទៅ​ម្ចាស់​អាជីវកម្ម​ស្ថិតនៅក្នុង​វិស័យ​ទេសចរណ៍​ចំនួន ២៩២ ដែលមាន​ទំហំ​ឥណទាន​សរុប​ប្រមាណ​ជា ៤២ លាន​ដុល្លារ​អាមេរិក​

​សូមជម្រាបថា​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ជា​ធនាគារ​គោលនយោបាយ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​ធនាគារ ពី​ធនាគារជាតិ នៃ កម្ពុជា កាលពី​ឆ្នាំ​២០២០ ហើយ​ធនាគារ​នេះ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម របស់​រាជរដ្ឋាភិបាល និង​មាន​បេសកកម្ម​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​លក្ខខណ្ឌ​អនុគ្រោះ​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​៕ដោយៈសិរីមតី


​ ​