សន្ដិសុខសង្គម

ជិះម៉ូតូបុកក្របីបណ្តាលឱ្យដួលស្លាប់ សមត្ថកិច្ចកំពុងស្វែងរកម្ចាស់ក្របី

កោះកុង៖បុរសម្នាក់ជិះម៉ូតូបុកក្របីបណ្តាលឱ្យដួលស្លាប់ សមត្ថកិច្ចកំពុងស្វែងរកម្ចាស់ក្របី ដែលលែងឱ្យដើរនៅលើផ្លូវសាធារណៈបង្កឱ្យមានមនុស្សស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីនគរបាលស្រុកមណ្ឌលសីមា កំពុងស្រាវជ្រាវស្វែងរកម្ចាស់ក្របី យកមកដោះស្រាយតាមច្បាប់ ខណៈបានបង្កឱ្យបុរសម្នាក់ស្លាប់ដោយសារជិះម៉ូតូបុកក្របីនោះ​នៅជិតឆ្នេរ២០០០ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ម៉ាញ់ សារ៉ង អាយុ៦២ឆ្នាំ ជាអតីតមន្រ្តីនគរបាលចរាចរណ៍ចូលនិវត្តន៍ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។កន្លងមកអាជ្ញាធរធ្លាប់បានផ្សព្វផ្សាយ និងណែនាំច្រើនលើកច្រើនសា ទាំងធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋដែលមានសត្វពាហនៈដូចជាគោ-ក្របីចិញ្ចឹមតាមផ្ទះ មិនត្រូវលែងអនាធិបតេយ្យទេ ព្រោះវាបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ៕ដោយ៖វិចិត្រ