ព័ត៌មានជាតិ

ជនជាតិព្នងនៅតែរក្សាទំនៀមទម្លាប់ប្រពៃណីធ្វើពិធីសែនព្រេន

ស្ទឹងត្រែង៖ បងប្អូនជនជាតិព្នងរស់នៅភាគឦសាន សព្វថ្ងៃនៅតែបន្តរក្សាទំនៀមទម្លាប់ប្រពៃណី ជួបជុំគ្នា ធ្វើពិធីសែនព្រេនដើម្បីសុំសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំពីបុរាណ។

កាលពីកន្លងទៅថ្មីៗនេះ បងប្អូនជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី រតនគិរីក្រចេះ បានជួបជុំគ្នានៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីរៀបចំពិធីសែនព្រេន។ពិធីនោះមានកាប់ក្របី ប្រគំភ្លេងដោយវាយគង បឺតស្រាពាង មានចាស់ទុំជាអ្នករៀបចំ។

លោក សេត កាល អាយុ៧៥ឆ្នាំ រស់នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង  ជាមេកន្ទ្រាញជនជាតិព្នង បានបញ្ជាក់ថា កូនចៅជំនាន់ក្រោយជាអ្នកបន្តវេន រក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នង ពេលបានធ្វើពិធីសែនព្រេនម្តងៗ នៅពេលទៅធ្វើស្រែចម្ការ តែងតែទទួលបានភោគផលច្រើន ហើយសត្វចង្រៃមិនស៊ីបំផ្លាញផលដំណាំឡើយ។

លោកបន្តថា ការរស់នៅរបស់កូនចៅនៅក្នុងភូមិ ក៏ទទួលបានសេចក្តីសប្បាយសុខចម្រើនគ្រប់គ្នា   សត្វពាហនៈមិនកើតជំងឺឆ្លង ទើបចាស់ទុំនាំគ្នាដឹកនាំធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០១ ខែកុម្ភៈ។

លោក ជ្រោយ ញ៉ុង តំណាងបងប្អូនជនជាតិទាំងអស់នៅក្នុងកម្មវិធីសែនព្រេនបានបញ្ជាក់ថា៖ នេះជាការគោរពតាមចាស់ទុំតៗគ្នាមក  ព្រោះយល់ឃើញថាប្រពៃណីមួយនេះមិនអាច លុបបំបាត់ចោលបានទេ ទោះបីថាសម្លៀកបំពាក់​ សម្ភារប្រើប្រាស់មួយចំនួន ត្រូវបាត់បង់ទៅហើយក៏ដោយ តែប្រពៃណីសែនព្រេនមិនបោះបង់ចោលឡើយ ហើយការសែនព្រេននេះមានចាស់ព្រឹទ្ធាចារ្យ មានស្រី មានប្រុសទាំងអស់មកចូលរួមកាប់ក្របី ហើយមានកម្មវិធីវាយឃ្មោះទៀត និងកម្មវិធីរបស់ជនជាតិដើមភាគតិចព្នង អ៊ីចឹងវប្បធម៌ប្រពៃណីហ្នឹងវាមានអ៊ីចឹង។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា ការរៀបចំរបស់បងប្អូន ជនជាតិព្នងពេលនេះពិតជាបានបង្ហាញឲ្យឃើញពីការសាមគ្គីភាពមួយនៅក្នុងឃុំរបស់យើងព្រោះថាអាជ្ញាធរឃុំ-ស្រុក តែងតែចង់ឲ្យប្រជាពលរដ្ឋយើងទទួលបានសិទ្ធិរស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាង។

លោកបន្តថា ពិធីនេះអាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយបងប្អូនជនជាតិដើម ជាថវិកាដើម្បី លើកទឹកចិត្តដល់បងប្អូនជនជាតិយើងឲ្យកាន់តែមានភាពសប្បាយរីករាយស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ៕