សន្ដិសុខសង្គម

ឆ្លងចរន្តខ្សែភ្លើងឆេះកុដិមួយខ្នងក្នុងថ្ងៃបុណ្យមាឃបូជា

ស្ទឹងត្រែង៖អគ្គិភ័យមួយបានឆាបឆេះកុដិមួយខ្នងក្នុងថ្ងៃបុណ្យមាឃបូជា កាលពីម៉ោងជាង៧យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ព្រះចៅអធិការវត្តសិលារតនារាម ព្រះនាម ឈូ វាសនា មានសង្ឃដីកានៅរសៀលថ្ងៃទី៦ខែកុម្ភៈថា កុដិមួយខ្នងដែលខិតខំកសាងកន្លងមកនោះត្រូវបាត់បង់អស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ។កុដិដែលត្រូវភ្លើងឆេះនោះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសី។

ព្រះចៅអធិការវត្តមានសង្ឃដីកាទៀតថា នៅលើកុដិមានគំនរស្បូវផង។ពេលភ្លើងឆេះក៏លឿនបែបនេះ។ពេលភ្លើងឆេះ ប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្បែរនោះបានយកម៉ាស៊ីនបូមទឹកនិងយកសម្ភារពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងអណ្តាតភ្លើងបាន។ចំណែករថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុក មិនអាចឆ្លងកាត់ស្ពានដើម្បីជួយអន្តរាគមន៍បានទេ។

ប្រភពបានឱ្យដឹងថា ដើមហេតុដែលឆេះកុដិខាងលើគឺបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើង។ ក្រោយពីកុដិឆេះអស់ទៅ ព្រះសង្ឃគង់ស្នាក់នៅសាលាឆាន់ជាបណ្ដោះអាសន្នក្នុងភាពលំបាក សុំបិណ្ឌបាតដល់ពុទ្ធបរិស័ទជួយផង៕ដោយ:សុខុម