សន្ដិសុខសង្គម

ចាប់ជនសង្ស័យ៩នាក់ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ជាង៣គីឡូក្រាមបញ្ជូនទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តបានបង្ក្រាបករណីគ្រឿងញៀន​ និងចាប់ខ្លួនអ្នកប្រព្រឹត្តចំនួន៩នាក់ ជាមួយគ្រឿងញៀនទម្ងន់ជាង៣គីឡូក្រាម រួចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា  ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីថ្ងៃទី១ដល់ទី៥ ខែកុម្ភៈ សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៩នាក់ និងវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម។

ជនសង្ស័យប្រុសស្រីទាំង៩នាក់ឈ្មោះ ថនផល្លា,ផនស្រីណា, លឹមស្រីអូន, ផាន់លំអង, សឿនចាន់ណា, ឆនសុឃឿន, យ៉ង សុភាស់, ធី ឡុង និងឈ្មោះណាំ វ៉ន។ពួកគេមានអាយុពី២០ដល់៥២ឆ្នាំ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងពេលចាប់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង ម្សៅសថ្លាចំនួន១៥កញ្ចប់,ប្រភេទគ្រាប់​ពណ៌ផ្កាឈូក ចំនួន៤គ្រាប់, ដបជក់,ទូរសព្ទ៧គ្រឿង, រថយន្ត៤គ្រឿង,ម៉ូតូ១គ្រឿង ផ្លាកលេខ រថយន្ត២ និងប្រាក់ចំនួន២០០.០០០រៀល។ បន្ទាប់ពីឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៩នាក់និងវត្ថុតាងខាងលើ ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕ដោយ៖វិចិត្រ