អន្តរជាតិ

EUប្រកាសទណ្ឌកម្មថ្មីបិទការនាំចូលប្រេងម៉ាស៊ូត និងផលិតផលប្រេងចម្រាញ់ផ្សេងទៀតរបស់រុស្ស៊ី

សហភាពអឺរ៉ុបហៅកាត់ថា EU បានប្រកាសទណ្ឌកម្មថ្មី ហាមប្រាមលើការនាំចូលប្រេងម៉ាសូត និងផលិតផលប្រេងចម្រាញ់ផ្សេងទៀតរបស់រុស្ស៊ី ជុំវិញរឿងសង្រ្គាមនៅអ៊ុយក្រែន។

ការហាមប្រាមនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសហភាពអឺរ៉ុប ជាមួយនឹងការយល់ព្រមទម្លាក់តម្លៃពីក្រុមប្រទេសទាំងប្រាំពីរ (G7) រួមមាន- សហរដ្ឋអាម៉េរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងកាណាដា។ ទណ្ឌកម្មថ្មីនេះនឹងដាក់កម្រិតដល់ហោប៉ៅរុស្ស៊ី​បន្ថែមទៀត ព្រោះរដ្ឋនៃសហភាពអឺរ៉ុបនឹងមិនធ្វើការនាំចូលប្រេងម៉ាសូត ឬផលិតផលប្រេងណា​ផ្សេងទៀតរបស់រុស្ស៊ីឡើយ។ ប្រទេសនៃសហភាពអឺរ៉ុបនឹងបង្វែរទៅទិញប្រេងម៉ាសូតថ្មីពីសហរដ្ឋ​អាម៉េរិក ពីអ្នកលក់នៅមជ្ឈិមបូព៌ា និងឥណ្ឌាជំនួសវិញ បើទោះបីជាដំណើរការទិញ និងដឹកជញ្ជូន​រាងស្មុគស្មាញយូរជាងកាលពីនៅទិញរុស្ស៊ីក៏ដោយ។

ជុំវិញទណ្ឌកម្មថាមពលថ្មីនេះ លោក Neil Atkinson ដែលជាអតីតអ្នកវិភាគទីភ្នាក់ងារថាមពលអន្តរជាតិ បានប្រាប់បណ្តាញ Al Jazeera ថា វានឹងមិនមានឥទ្ធិពលប៉ះពាល់ខ្លាំងទៅលើតម្លៃទីផ្សារសកលទេ ពិសេសនៅដំណាក់កាលដំបូងនេះ។ លោក Atkinson បានបន្តថា នេះគឺដោយសារតែក្រុមហ៊ុន​ទូទាំងពិភពលោក បាននិងកំពុងបង្កើតស្តុកផលិតផលរបស់រុស្ស៊ី មុនពេលការហាមឃាត់​ប្រកាសជាផ្លូវការទៅទៀត។ ហើយការនាំចេញប្រេងរុស្ស៊ីនឹងកំណត់គោលដៅបន្តទៅកាន់ប្រទេស និងឥណ្ឌា។

គួរដឹងថា មូលហេតុដែលសហភាពអឺរ៉ុបបានជ្រើសរើសទណ្ឌកម្មទៅលើប្រេងម៉ាស៊ូត ពីព្រោះវាគឺជា​គន្លឹះសម្រាប់សេដ្ឋកិច្ច វាត្រូវបានគេប្រើយ៉ាងសំខាន់ដើម្បីផ្តល់ថាមពលដល់រថយន្ត ឡានដឹកទំនិញ សម្ភារកសិកម្ម និងគ្រឿងចក្ររោងចក្រ។ តម្លៃប្រេងម៉ាស៊ូតត្រូ​វបានកើនឡើងដោយសារតែ​តម្រូវការងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19 និងការកំណត់លើសមត្ថភាពចម្រាញ់, ការរួមចំណែកដល់អតិផរណាទំនិញផ្សេងទៀតនៅទូទាំងពិភពលោក៕

ប្រភព៖ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា